លោកជំទាវ ម៉ែន សំអន គាំទ្រសន្និសីទក្រុងប៉ារីស ស្តីពីសមភាពរវាងស្ត្រី និងបុរស លើកទី២៥ឆ្នាំ ក្រោមការរៀបចំរបស់បារំាង


ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បារាំងនឹងរៀបចំសន្និសីទស្តីពីសមភាពរវាង ស្ត្រី និងបុរសនាខែកក្កដា ដើម្បីត្រួតពិនិត្យលទ្ធផលការងារ ដែលប្រទេសនៅអឺរ៉ុប បានធ្វើកិច្ចការនេះអស់រយៈពេល២៥ឆ្នាំកន្លងទៅ ។ ក្នុងនោះក៏នឹងត្រូវអញ្ជើញស្ត្រីជាថ្នាក់ដឹកនាំកម្ពុជាទៅចូលរួមផងដែរ ។

នេះជាការលើកឡើងរបស់លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh) ឯកអគ្គរដ្ឋ ទូត សាធារណរដ្ឋ បារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ខណៈពេលជួបពិភាក្សាការងារជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹអ្ធសភា និងអធិការកិច្ច កសលពីព្រឹកថ្ងៃពុធ ទី៨ ខែមករា នៅទីស្តីការក្រសួង ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានគាំទ្រចំពោះសន្និសីទនេះ ក្នុងនោះលោកជំទាវក៏បានរំលឹកថា កាលពីឆ្នាំ១៩៩៥ លោកជំទាវធ្លាប់ដឹកនាំប្រតិភូស្ត្រីជាន់ខ្ពស់កម្ពុជា ទៅចូលរួមក្នុងពេលបើកសន្និសីទនេះជាលើកទី១ តែសម្រាប់ឆ្នាំនេះ សង្ឃឹមថាយើងនឹងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀតដើម្បីជាការវិវត្តន៍នូវគំនិត សមត្ថភាពរបស់ស្ត្រីនៅលើសកលលោក ។

លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh) បានចាប់អារម្មណ៍អំពីតួនាទីរបស់ស្ត្រីកម្ពជា ក្នុងវិស័យនយោបាយ និងគ្រប់ស្ថាប័នរបស់ជាតិ ក្នុងពេលបច្ចុប្បន្ន ដែលមានអត្រាកើនឡើងគួរឲ្យកត់សំគាល់ សបញ្ជាក់យ៉ាងច្បាស់ថា ស្ត្រីខ្លួនឯងកំពុងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីជាការងាយស្រួលសំរាប់ថ្នាក់ដឹកនាំបំពេញ ឬតំឡើងតួនាទីជូនដល់ស្ត្រីយើង ។

ពាក់ព័ន្ធបញ្ហានេះ លោកជំទាវ ម៉ែន សំអន បានប្រាប់លោកជំទាវ អគ្គរដ្ឋទូតបារាំងពីស្ថានភាព និងតួនាទីរបស់ស្ត្រីកម្ពុជា ក្រោមការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ពិសេសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមិនត្រឹមតែលើកកំពស់តួនាទីស្ត្រីក្នុងស្ថាប័នរដ្ឋ និងនយោបាយប៉ុណ្ណោះទេ គឺបានជំរុញឲ្យស្ត្រីជាកសិករ កម្មករ និងវិស័យឯកជន មានឱកាសពង្រីកសមត្ថភាព ដើម្បីចូលបំរើការឲ្យបានកាន់តែច្រើន ពង្រីកបាននូវជីវភាព ។

លោកជំទាវអគ្គរដ្ឋទូតបារាំង បានគាំទ្រសកម្មភាព និងកោតសរសើដល់ស្ត្រីកម្ពុជាដែលមានរាជរដ្ឋាភិបាលយកចិត្តទុកដាក់លើកកំពស់តួនាទីស្ត្រី ក្នុងនោះរដ្ឋាភិបាលបារាំង នឹងចូលរួមគាំទ្រផងដែរ ។

ជាមួយគ្នានេះ លោកជំទាវអគ្គរដ្ឋទូតបារាំង បញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា បារាំង ក្នុងបន្តជួយដល់កម្ពុជា លើវិស័យអប់រំ សុខាភិបាល វប្បធម៌ និងវិស័យជាច្រើនទៀត ពិសេសបន្តកសាងវិស័យទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ និងកាប្រារព្វខួបលើកទី៥០ នៃប្រទេសប្រើប្រាស់ភាសាបារាំង ហ្វ្រង់កូហ្វូនី ។ ដោយឡែករដ្ឋាភិបាលបារាំង ក៏មានការកែសម្រួលនៃការផ្តល់ទិដ្ឋាការដល់ប្រជាជនកម្ពុជា ដែលមានបំណងទៅកាន់ប្រទេសបារាំង និងប្រទេសនៅតំបន់អឺរ៉ុបឲ្យកាន់តែងាយស្រួលបន្ថែមទៀត ។

លោកជំទាវ អគ្គរដ្ឋទូតបារាំងបានសាទរ ចំពោះកម្ពុជា សំរាប់ឆ្នាំ២០២០នេះ ដែលបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលក្នុងនោះរដ្ឋាភិបាលបារាំង មានតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលដើម្បីឲ្យប្រទេសហភាពអឺរ៉ុបមកកាន់កម្ពុជា ។

ចុងបញ្ចប់ លោកជំទាវទូត បានផ្ញើសារចូលរួមសោកស្តាយ និងរំលែកទុក្ខជាមួយរដ្ឋាភិបាលកម្ពុជា និងគ្រួសាររងគ្រោះ ដោយឧបត្តិវហេតុរលំអគារ នៅខេត្តកែប ផងដែរ ។