រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីបញ្ជូនពេទ្យមកព្យាបាលសុខភាពមាត់ធ្មេញកុមារ ដែលជាផ្នែកមួយនៃការបំពេញនូវស្មារតីមនុស្សធម៌ លើកកម្ពស់សុខភាពធនធានមនុស្សឱ្យប្រកបដោយថាមពល។
ពិធីបើកនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ លោកជំទាវបានសម្ដែងការគាំទ្រចំពោះការលើកឡើងថា កាលណាយើងនិយាយសុខភាព យើងមិននិយាយត្រឹមតែការព្យាបាលនោះទេ ប៉ុន្តែយើងត្រូវដឹងថា តើយើងត្រូវការពារសុខភាពបែបណា ដើម្បីឱ្យសុខភាពកាន់តែប្រសើរ រឹងមាំទៅថ្ងៃអនាគត។
លោកជំទាវក៏បានមានប្រសាសន៍ផងដែរថា បញ្ហាសុខភាពមាត់ធ្មេញ ជាឫសគល់នៃបញ្ហាផ្សេងៗ សុខភាពមាត់ធ្មេញ ជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយរបស់មនុស្ស កាលណាយើងមានសុខភាពល្អ យើងក៏អាចអភិវឌ្ឍបំណិនសម្បទា ចរិយាសម្បទា និងឥរិយាបថបានល្អ។ សូមជម្រាបថា ការដាក់ចេញនូវបម្រាមចំណីអាហារ៦ប្រភេទរបស់ក្រសួងក៏ជាការរួមចំណែកមួយ ក្នុងការការពារសុខភាពមាត់ថ្មីផងដែរ៕
១៣ មករា ២០២០ | សាលាបឋមសិក្សាចតុមុខ