ឯកឧត្តម សាយ សំអាល់ អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា


នៅទីស្តីការក្រសួងបរិស្ថាន នារសៀល ថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម​ Eldeen Husaini BIN MOHD HASHIM ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តីបាន បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី នាពេលកន្លងមក និងទៅអនាគត។ ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តនិងស្វាគមន៍យ៉ាងកក់ក្ដៅលើកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី​ នៅឆ្នាំខាងមុខ លើការចែករំលែកបទពិសោធន៍ក្នុងការរៀបចំទេសចរណ៍ធម្មជាតិ​ និងមានគោលបំណងឱ្យអ្នកវិនិយោគគិនពីប្រទេសម៉ាឡេស៊ី មកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា​ លើការការគ្រប់គ្រងសំណល់ ការរៀបចំរោងចក្រប្រព្រឹតិ្តកម្មទឹកក្វក់ពីទីក្រុង។
ក្នុងឱកាសនោះ ឯកឧត្តម​ Eldeen Husaini BIN MOHD HASHIM ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានទទួលជួបពិភាក្សានៅពេលនេះ។ ឯកឧត្តម សន្យាថានឹងព្យាយាមឲ្យអស់លទ្ធភាពក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី។ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ក៏បានស្នើសុំអញ្ជើញឯកឧត្តម សាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ទៅចូលរួមសន្និសីទអាស៊ានលើកទី៣ស្តីពីជីវចម្រុះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលនឹងប្រព្រឹត្ដិទៅពីថ្ងៃទី១៥ដល់ទី២០ខែ មីនាឆ្នាំ ២០២០ខាងមុខ។