ឯកឧត្តម​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យមើលសកម្មភាពការងារប្រចាំថ្ងៃមន្រ្តីបម្រើការ នៅច្រកចេញចូលតែមួយសាលាខេត្តនិងក្រុងដូនកែវ


តាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញពិនិត្យមើលអំពី សកម្ម ភាពការងារប្រចាំថ្ងៃ របស់មន្រ្តីដែលបម្រើការងារនៅច្រកចេញចូលតែមួយសាលាខេត្ត និងច្រកចេញចូលតែមួយ ក្រុងដូនកែវ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ច្រកចេញចូលតែមួយក្នុងខេត្ត នឹងច្រកចេញចូលតែមួយក្រុងស្រុកនេះ គឺជាយន្តការមួយសម្រាប់បម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ គឺកន្លែងប្រមូលផ្តុំសេវាចម្រុះឲ្យមកនៅកន្លែងតែមួយ ហើយក្នុងនោះពលរដ្ឋនឹងកាន់តែងាយ ស្រួលក្នុងការមកទទួលសេវាបានលឿន និងឆាប់រហ័ស ជាពិសេសគឺលុបបំបាត់នូវអំពើពុករលួយផ្សេងៗបាន ប៉ុន្តែមន្រ្តីរបស់យើង ក៏ត្រូវតែមានសីលធម៌ក្នុងការបម្រើសេវាជូនពលរដ្ឋផងដែរ ។
ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ូច ភា ក៏បានណែនាំទៅដល់ប្រធានច្រកចេញចូលតែមួយខេត្ត និងច្រកចេញចូលតែមួយក្រុងស្រុក ត្រូវជម្រុញទៅដល់មន្រ្តីរបស់ខ្លួន ឲ្យបំពេញការងារឲ្យបានត្រឹមត្រូវ ត្រូវប្រកាន់គោលជំហរអព្យាក្រឹត្យ តម្លាភាព ពោលធ្វើយ៉ាងណា មិនឲ្យពួកគាត់ពេលមកទទួលសេវា មានការថ្នាំងថ្នាក់ចិត្តលើមន្រ្តីរបស់យើងនោះទេ៕