ឯកឧត្តម ផៃ ស៊ីផាន ៖ ផែនការវិលមកកម្ពុជាលើកទី២ របស់សម រង្ស៊ីគ្មានអ្វីជាឧបសគ្គ តែត្រូវដោះស្រាយមួយតុលាការ


ភ្នំពេញ ៖ ក្រោយពីក្រុមអតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសរៀបចំគម្រោងផែនការឲ្យ លោកសម រង្ស៊ី វិលមកកម្ពុជាជាលើកទី២ នៅនៅឆ្នាំនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងថា គម្រោងនេះគ្មានអ្វីជាឧបសគ្គដល់ពួកគាត់ឡើយ ក៏ប៉ុន្ដែត្រូវដោះស្រាយជា មួយតុលាការនៅកម្ពុជា ជាមុនសិន។

ថ្មីៗនេះ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិដែលមានសាខានៅក្រៅប្រទេស បានលើកឡើងពីផែនការមាតុភូមិនិវត្តន៍ទី២របស់លោក សម រង្ស៊ី សម្រាប់ឆ្នាំ២០២០។ នេះបើយោងតាមការចេញផ្សាយ របស់វិទ្យុអាស៊ីសេរី។

កាលពីថ្ងៃ៩ វិច្ឆិកា កន្លងមកនេះ លោក សម រង្ស៊ីបានប្រកាសពីការវិលត្រឡប់មកវិញដែរ តែត្រូវបរាជ័យ។

ភ្លាមៗនោះ ឯកឧត្តម ផៃ ស៊ីផាន  បានថ្លែងថា ផែនការវិលមកស្រុកខ្មែរ របស់ក្រុមអតីត បក្សសង្គ្រោះជាតិគឺលើក ឡើងដើម្បីឲ្យគេចាប់អារម្មណ៍ ផ្នែកនយោបាយតែប៉ុណ្ណោះ ។

ឯកឧត្តម មានប្រសាសន៍ថា «កម្ពុជា ជាមាតុភូមិរបស់ពួកគេ (ក្រុមអតីតបក្សសង្គ្រោះជាតិ) គ្មានរឿងអ្វីដែលជាឧបសគ្គសម្រាប់ពួកគេមកទេ។ ក៏ប៉ុន្ដែ អ្នកនៅក្នុងក្រុមហ្នឹង ក៏មានក្រុមខ្លះជាប់កត្តាកិច្ចជាមួយតុលាការ ត្រូវបំពេញកាតព្វកិច្ចជាមួយតុលាការរបស់ពួកគេ ដែលអាជ្ញាធរក្នុងដែនអំណាចយុត្តិធម៌ហ្នឹង អញ្ជើញអ្នកត្រឡប់មកវិញហ្នឹង ទៅតុលាការ ដើម្បីឆ្លើយតបពីការចោទរបស់តុលាការ» ។

ទោះបី លោកសម រង្ស៊ី មិនបោះបង់ការប៉ុនប៉ងវិលត្រឡប់ទៅកម្ពុជាវិញ ដោយលោកអះអាងថា ដើម្បីទៅស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យវិញ ជាពិសេសកុំឲ្យសហភាពអឺរ៉ុបព្យួរការអនុគ្រោះពន្ធ EBA ឯកឧត្តម ផៃ ស៊ីផាន បានឆ្លើយយ៉ាងខ្លីថា «មិនមែនពាក់ព័ន្ធ រឿង EBA ទេ” ៕