ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យប្រតិភូកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីគម្រោងស្តីពី Establishment of Demonstrative Vegetable Production Complex in Cambodia ដែលគ្រោងនឹងបង្កើតនៅខេត្តមណ្ឌលគីរីនាឆ្នាំ២០២០


នៅទីស្តីការក្រសួង នារសៀថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យប្រតិភូកូរ៉េអញ្ជើញ មកពី The Korea Rural Community Coroperation (KRC) ដឹកនាំដោយ Mr. Park Kiwook នាយកគ្រប់គ្រងការិយាល័យអភិវឌ្ឍកសិកម្មនៅបរទេសនៃក្រសួងកសិកម្មកូរ៉េ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីគម្រោងស្តីពី “Establishment of Demonstrative Vegetable Production Complex in Cambodia” ដែលគ្រោងនឹងបង្កើតនៅខេត្តមណ្ឌលគីរីនាឆ្នាំ២០២០។

ជាបឋមឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ និងជាពិសេសបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅខេត្តមណ្ឌលគីរី ហើយទស្សនកិច្ចនេះពិតជាមានសារសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងក្រសួងកសិកម្មកូរ៉េឲ្យកាន់តែរឹងមាំ មិនត្រឹមតែប៉ុណ្ណោះ វាជាការបើកផ្លូវឲ្យ KRC មកសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពលដំណាំដំឡូងបារាំងនៅខេត្តមណ្ឌលគីរី និងបន្លែសំខាន់ផ្សេងៗទៀត ដើម្បីរៀបចំគម្រោងអភិវឌ្ឍដំណាំនេះ និងបន្លែនៅខេត្តនេះក្នុងឆ្នាំ២០២០ ដែលបច្ចុប្បន្ន KRC បាននិងកំពុងសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ធ្វើការសិក្សាលម្អិតទៅលើស្ថានភាពទូទៅទាក់ទងគុណភាពដី ទឹក អាកាសធាតុ ផលិតកម្ម ពូជ ទីផ្សារ និងបច្ចេកទេស។ល។

ជាបឋម Mr. PARK Kiwook បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីដែលបានអនុញ្ញាតឲ្យលោក និងសហការីចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងកម្មវត្ថុខាង លើ។ លោកបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា KRC មានចំណាប់អារម្មណ៍លើផលិតកម្មដំឡូង បារាំង និងប្រភេសបន្លែសំខាន់ៗដែលកសិករកំពុងផលិតនាពេលបច្ចុប្បន្ន។ ដោយយល់ឃើញថាខេត្តមណ្ឌលគីរីមានសក្តានុពលល្អសម្រាប់ផលិតកម្មដំឡូងបារាំង និងបន្លែ ដោយយោងលើស្ថានភាពភូមិសាស្រ្ត និងអាកាសធាតុល្អ សម្រាប់ផលតិកម្មដំឡូងបារាំង កម្ពុជាមានសក្តានុពល ប៉ុន្តែគ្រាន់ថាផលិតកម្មនេះនៅមិនទាន់បានអនុវត្តឱ្យបានពេញលេញ និងត្រឹមត្រូវលើខ្សែច្រវាក់ផលិតកម្ម និងទីផ្សារដែលជាដើមហេតុចំបងធ្វើឲ្យផលិតកម្មនេះមិងអាចធ្វើការផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ហើយដែលតម្រូវឱ្យកម្ពុជាធ្វើការនាំចូល ហេតុនេះនាពេលអនាគតគម្រោងនេះគ្រោងនឹងបង្កើនផលិតភាពផលិតកម្មដំឡូងបារាំង និងបន្លែផ្សេងៗទៀតដើម្បីផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក និងឈានទៅធ្វើការកាត់បន្ថយបរិមាណនាំចូល និងជាពិសេសចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋដែលភាគច្រើនជាជនជាតិដើមភាគតិច និងបង្កើនប្រាក់ចំណូល។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសុទិដ្ឋិនិយមគាំទ្រលើគម្រោងនេះ ដោយហេតុថាកន្លងមកផលិតកម្មដំឡូងបារាំងនៅកម្ពុជាជាទូទៅកសិករមិនសូវនិយមដាំដុះ ទើបតែប៉ុន្មានឆ្នាំចុងក្រោយដែលមានគម្រោងដែលឧបត្ថម្ភដោយអង្គការ KOPIA KOREA សហការជាមួយសាកលវិទ្យា ល័យភូមិន្ទកសិកម្មធ្វើការសិក្សាស្រាវជ្រាវដាំសាកល្បងនៅខេត្តមណ្ឌលគីរី ហើយលទ្ធផលនៃការសិក្សានេះបានបង្ហាញឱ្យឃើញថាដំណាំមានការលូតលាស់ល្អ និងផ្តល់ទិន្នផលគួរជាទីពេញ ចិត្ត។ ហេតុនេះ ឯកឧត្តមបានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្ត ហើយសន្យាថានឹងផ្តល់កិច្ច សហការឱ្យបានពេញលេញ និងជាពិសេសលោកបានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្រូវបន្តផ្តល់កិច្ចសហការឱ្យបានល្អជាមួយ KRC ដើម្បីឱ្យគម្រោងនេះដំណើរការទៅដោយរលូន និងទទួលបានជោគជ័យតាមការរំពឹងទុក គឺខេត្ត មណ្ឌលគីរីអាចផលិតដំឡូងបារាំងបាននាពេលអនាគតដ៏ខ្លី។