កិច្ច​ប្រជុំ​ស្ដីពី ការ​ត្រួត​ពិនិត្យ និង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​ក្រោម​ឱវាទ​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ


រាជធានី​ភ្នំពេញ៖ ដើម្បី​ទប់​ស្កាត់​បញ្ហា​បាតុភាព ភាព​អសកម្ម​នៅ​តាម​គ្រឹះស្ថាន​សិក្សា​មួយ​ចំនួន ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម ការ​ប្រើប្រាស់​អំពើ​ហិង្សា​ និង​ភាព​ខ្វះ​ទំនួល​ខុស​ត្រូវ​​របស់​សិស្ស​សាលា មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ​បាន​រៀប​ចំ​កិច្ច​ប្រជុំ​ស្ដីពី ការ​ត្រួត​ពិនិត្យ និង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន។​​

ក្នុង​នោះ​ដែរ​ការងារ​សំខាន់ៗ ដែល​ត្រូវ​បាន​យក​មក​ពង្រឹង​​បន្ថែម​ ក្នុង​កិច្ច​ប្រជុំ​នេះ​រួម​​មាន៖
– ការ​ពង្រឹង​ការ​គ្រប់គ្រង​សាលា​រៀន ដែល​ក្នុង​នោះ​អ្នក​ដែល​ពាក់ព័ន្ធ​មាន នាយក នាយរង-នាយិកា​រង គ្រូ​បន្ទុក​ថ្នាក់ គ្រូ​បន្ទុក​ផ្នែក​ក្រុម​ប្រឹក្សា​កុមារ យុវជន ​
​- តួនាទី ភារកិច្ច​របស់​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ខណ្ឌ ដែល​មាន​តួនាទី​ក្នុង​ការ​ពង្រឹង​ការងារ​តាមដាន ការ​ដឹកនាំ​គ្រប់គ្រង​ដំណើរ​ការ​សាលារៀន ត្រូវ​មាន​ការ​ប្រជុំ​ប្រចាំ​ខែ​ឱ្យ​បាន​ទៀងទាត់ ត្រូវ​មាន​ម្ចាស់ការ ចុះ​ពិនិត្យ និង​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​មាន​​នៅ​តាម​គ្រឹះស្ថាន​សិក្សា​ក្រោម​ឱវាទ ត្រូវ​រាយការណ៍​ពី​សកម្មភាព​ជា​ប្រចាំ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​របស់​ខ្លួន។

កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​ដឹកនាំ​ដោយ​លោក ហែម ស៊ីណារ៉េត ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានីភ្នំពេញ ដែល​ក្នុង​នោះ​មាន​ការចូលរួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ​មន្ទីរ​ ប្រធាន​ការិយាល័យ​នៃ​មន្ទីរ ប្រធាន​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ខណ្ឌ នាយក​វិទ្យាល័យ នាយក​អនុវិទ្យាល័យ និង​នាយក​សាលា​បឋម​សិក្សា៕