រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍៖ ការរៀបចំក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២០


(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ឹវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអះអាងថា ក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននឹងកំពុងសហការជាមួយអន្តរក្រសួង គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។

រដ្ឋាភិបាលឌីជីថល គឺជាការប្រើប្រាស់មធ្យោបាយអេឡិកត្រូនិក ដើម្បីគ្រប់គ្រងប្រព័ន្ធការងារ និងមូលដ្ឋាននៃការផ្តល់សេវាឲ្យមានតម្លាភាព មានភាពងាយស្រួល លឿន និងផ្សារភ្ជាប់ទំនាក់ទំនង ជាមួយប្រជាពលរដ្ឋ និងអាជីវកម្មកាន់តែប្រសើរ ព្រមទាំងបង្កើនប្រសិទ្ធភាពការងាររាជរដ្ឋាភិបាល តាមរយៈការបង្កើត និងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលរួម វេទិកាឌីជីថលរួម សេវាកម្មឌីជីថលរួម ដោយឈរលើយន្តការ «បង្កើតម្តងប្រើបានគ្រប់កន្លែង» និងកម្មវិធីពង្រឹងសមត្ថភាព ដល់គ្រប់ភាគីពាក់ព័ន្ធ។

ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ឹវតឹក ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យលោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនលោកឯកអគ្គរាជទូតជប៉ុន អំពីការងារជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រៀមខ្លួនទាញយកផលប្រយោជន៍ ពីបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ការងារសំខាន់ៗដែលបាន និងកំពុងយកចិត្តទុកដាក់ រួមការរៀបចំក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីល គោលនយោបាយសេដ្ឋកិច្ចឌីជីថល ការការពារសន្តិសុខព័ត៌មានវិទ្យា ពាណិជ្ជកម្មអេឡិចត្រូនិក ការកសាងបទដ្ឋានគតិយុត្តគាំទ្រជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា «សម្រាប់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងធ្វើការជាមួយ អន្តរក្រសួងលើការរៀបចំក្របខណ្ឌ គោលនយោបាយរដ្ឋាភិបាលឌីជីថល ដែលគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២០ ខាងមុខ។ ចេញពីក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថលនេះ យើងនឹងរៀបចំនូវផែនការមេ និងផែនការវិនិយោគបន្តទៀត»។

ទាក់ទងនឹងពាណិជ្ជកម្មអេឡិចត្រូនិក ដែលកំពុងរីកចម្រើនក្នុងប្រទេសកម្ពុជា និងពិភពលោក ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងនូវ ការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនប្រៃសណីយ៍ ដើម្បីជួយគាំទ្រដល់វិស័យនេះ ក៏ដូចជាការបង្កើតនូវហត្ថលេខាឌីជីថល ដែលនឹងដើរតួសំខាន់នៅក្នុងពាណិជ្ជអេឡិកត្រូនិកផងដែរ។

ក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ឹវតឹក បានស្នើដល់ឯកអគ្គរដ្ឋទូតជប៉ុន ក្នុងបន្តជួយគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលមន្ត្រីរាជការក្រសួង ក៏ដូចជាការគាំទ្រផ្នែកបច្ចេកទេស ដល់ការកសាងគោលនយោបាយ និងបទដ្ឋានគតិយុត្តទាក់ទងនឹងវិស័យប្រៃសណីយ៍ផងដែរ៕