អន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងដែលកំពុងប្រឈមនឹងខ្វះទឹក ចំនួន ១០១៥ហិកតា ក្នុងស្រុកកោះធំ ខេត្តកណ្តាល


នៅ​ថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹង​ថ្ងៃទី​២២ ខែមករា ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម​ ទទួលមុខព្រួញខេត្តកណ្តាល សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងដែលកំពុងប្រឈមនឹងខ្វះទឹក ចំនួន ១០១៥ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំឈេីខ្មៅ និងឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ដោយកំពុងបូម និងប្រេីប្រាស់ម៉ាស៊ីនអន្តរាគមន៍បូមទឹករបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត កម្លាំង ៦៥សេះ ចំនួន ០២គ្រឿង និងម៉ាស៊ីនកម្លាំង ២៥សេះ របស់សហគមន៍ចំនួន​ ០២គ្រឿង​ យកប្រភពទឹកពីស្ទឹងជ្រោយស្នោរ ។
បន្ទាប់មកក្រុមការងារបន្តដំណើរទៅពិនិត្យស្ថានភាពស្រូវ​​រដូវប្រាំងនៅឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្តាល ដែលកំពុងខ្វះទឹកសរុប ១២៤ ហិកតា ស្ថិតនៅក្នុង ភូមិព្រែកថ្មី និង ភូមិព្រែកតាឯក ដោយប្រើប្រាស់ម៉ាស៊ីនអន្តរាគមន៍បូមទឹករបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត កម្លាំង ៦៥សេះ ចំនួន ០២គ្រឿង ដាក់នៅចំណុចព្រែកភូមិព្រែកថ្មី និងព្រែកភូមិព្រែក យកប្រភពទឹកពីទន្លេបាសាក់ ៕