ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី កម្មវិធីភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ និងលក្ខណៈវិនិច្ឆ័យភាពជាអ្នកដឹកនាំគំរូ


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “កម្មវិធីភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ និងលក្ខណៈវិនិច្ឆ័យភាពជាអ្នកដឹកនាំគំរូ” នៅសាលាភូមិន្ទរដ្ឋបាល។

សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណងពីរសំខាន់ៗ (១)ប្រមូលទិន្នន័យ និងសិក្សាអំពីតម្រូវការនៃការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំសម្រាប់អគ្គនាយក អគ្គាធិការ អភិបាល នៃគណៈភិបាលរាជធានី ខេត្ត និងថ្នាក់ប្រហាក់ប្រហែល ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ”ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” សម្រាប់មន្ត្រីរាជការជាន់ខ្ពស់កម្រិត អគ្គនាយក អគ្គាធិការ អភិបាលនៃគណៈភិបាលរាជធានី ខេត្ត និងថ្នាក់ប្រហាក់ប្រហែល ជាបន្តបន្ទាប់ចាប់ពីពាក់កណ្តាលឆ្នាំ២០២០ តទៅ ។ (២) ប្រមូលធាតុចូល ដើម្បីត្រៀមរៀបចំសេចក្តីណែនាំស្តីពីការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់វាយតម្លៃ និងទទួលស្គាល់ភាពជាអ្នកដឹកនាំគំរូសម្រាប់អគ្គនាយក អគ្គាធិការ អភិបាលនៃ គណៈភិបាលរាជធានី ខេត្ត និងថ្នាក់ប្រហាក់ប្រហែល។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមកិត្តិបណ្ឌិត រដ្ឋមន្រ្តីក៏បានជម្រាបជូនអង្គសិក្ខាសាលាជ្រាបផងដែរថា ដើម្បីបន្តធានាអោយបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ការពង្រឹងអភិបាលកិច្ចក្នុងវិស័យសាធារណៈ ការលើកកម្ពស់គុណភាពធនធានមនុស្ស ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច ការទាញយកប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០ ។ល។ រាជរដ្ឋាភិបាលបានកំណត់នូវគោលដៅចំនួនចំនួន ៤ រួមមាន៖ (១)ការកែទម្រង់ និងលើកកម្ពស់សមត្ថភាពស្ថាប័ន (២)ការពង្រឹងភាពស្អាតស្អំក្នុងស្ថាប័នសាធារណៈ (៣)ការពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងារ និង(៤)ការពង្រឹងអភិបាលកិច្ចវិស័យឯកជន”។ ដើម្បីអនុវត្តសកម្មភាពការងារជាយុទ្ធសាស្រ្តឱ្យបានជោគជ័យ គឺទាមទារឱ្យមានការគិតគូរការពង្រឹងភាពជាអ្នកដឹកនាំក្នុងរដ្ឋបាលសាធារណៈ ដែលក្នុងនោះត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍសមត្ថភាពទាំងក្របខណ្ឌបុគ្គលនិងស្ថាប័ន សំដៅលើកកម្ពស់គុណផលការងារ ប្រកបដោយភាពសន្សំសំចៃ ប្រសិទ្ធភាព និងសក្ត័សិទ្ធភាព ជាពិសេស កម្រិតថ្នាក់ដឹកនាំអង្គភាព ស្ថាប័នសាធារណៈ។

សិក្ខាសាលានេះ រៀបចំទ្បើងដោយក្រសួងមុខងារសាធារណៈ សហការជាមួយធនាគារពិភពលោក (World Bank) និងមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំដែលជា អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងថ្នាក់ប្រហាក់ប្រហែលគ្រប់ក្រសួង ស្ថាប័ន និងរាជធានី ខេត្ត ក៏ដូចជា តំណាងដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិសរុបចំនួន ២៤៥ នាក់ ។