សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ធ្វើទស្សនកិច្ចនៅក្រុមហ៊ុនឧស្សាហកម្មការពារជាតិ ប្រទេសតួកគី


(តួកគី)៖ ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋតួកគី នៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២០ គណៈប្រតិភូក្រសួងការពារជាតិកម្ពុជាដឹកនាំដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុន NuroMakina ដែលជាក្រុមហ៊ុនឧស្សាហកម្មយោធា ផលិតរថពាសដែកដ៏ធំមួយ នៅក្នុងទីក្រុងអង់ការ៉ា នៃសាធារណរដ្ឋតួកគី។

រថពាសដែក ដែលផលិតដោយក្រុមហ៊ុន NuroMakina ត្រូវបានទទួលស្គាល់ និងប្រើប្រាស់ជាទូទៅនៅលើពិភពលោក ក្នុងវិស័យយោធា លើកិច្ចការការពារសន្តិសុខ និង ប្រតិបត្តិការរក្សាសន្តិភាព។

នៅក្នុងឱកាសធ្វើទស្សនកិច្ចនៅក្រុមហ៊ុន NuroMakina ផលិតរថពាសដែករបស់ប្រទេសតួកគី សម្ដេចពិជ័យសេនា ទៀ បាញ់ បានវាយតំលៃ ចំពោះការរីកចំរើនផ្នែកឧស្សាហកម្មយោធារបស់ប្រទេសតួកគី ជាពិសេសរថពាសដែកដែលផលិតដោយក្រុមហ៊ុន NuroMakina មានសមត្ថភាពអាចចល័ត និង ធ្វើដំណើរគ្រប់ស្ថានភាពផ្លូវទាំងអស់។

សម្ដេចពិជ័យសេនាបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា នៅក្រុមហ៊ុន NuroMakina គឺមានសារៈសំខាន់ ដើម្បីសិក្សាស្វែងយល់អំពីការរីកចំរើនឧស្សាហកម្មយោធារបស់ប្រទេសតួកគី។

បន្ទាប់ពីបានធ្វើទស្សនកិច្ចនៅក្រុមហ៊ុន NuroMakina រួចមកសម្ដេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងប្រតិភូអមដំណើរក៏បានបន្តទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុន FNSS ជាក្រុមឧស្សាហកម្មយោធាផលិតយានយន្ត រថក្រោះ រថពាដែក និងវិស្វកម្មសំរាប់កងទ័ពតួកគី។ ក្រុមហ៊ុន FNSS បានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៨៨។ ផលិតផលដំបូងគេ ដែលក្រុមហ៊ុនបានផលិត គឺរថពាសដែលប្រយុទ្ធសំរាប់កងទ័ពជើងគោកតួកគី។ បន្ទាប់មកក្រុមហ៊ុនបានចាប់ផ្តើមបង្កើត នូវផលិតផលដោយបានលក់ដល់អតិថិជន ទាំងក្នុងស្រុក និងអន្តរជាតិ ។

ក្នុងឱកាសនោះសម្ដេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងប្រតិភូអមតំណើរក៏បាន អញ្ជើញទស្សនាខ្សែសង្វាក់ផលិតយានយន្ត និងការបើកបរបង្ហាញ ជូនប្រតិភូទស្សនាផងដែរ ។
ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋតួកគី សម្ដេចពិជ័យសេនា ទៀ បាញ់ និង លោកស្រី ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញស្វែងយល់ពីសង្គម និងវប្បធ៌ម របស់ប្រទេសតួកគី ក្នុងនោះ សម្ដេចពិជ័យសេនា និង លោកស្រី បានអញ្ជើញទៅទស្សនា វាំង Topkapi និង ទៅទស្សនាសារមន្ទីរ Hagia Sofia ស្ថិតនៅទីក្រុង អ៊ិស្តានប៊ុល ផងដែរ៕