លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារ វប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ នៅសាលសន្និសីទចតុម្មុខ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើរនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនទាំងអស់ដែល មានវត្តមាននៅថ្ងៃនេះ ដោយក្តីស្រឡាញ់ និងនឹករលឹក។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានលើកឡើងថា ៖ ការរៀបចំសន្និបាតយើងក្នុងពេលនេះ គឺស្ថិតនៅក្នុងស្ថានភាពប្រទេសមានសុខសន្តិភាព ប្រជាជនយើងកំពុងបានរស់នៅយ៉ាងសុខដុមរមនា ក្រោមម្លប់នៃ សន្តិភាព និងការអភិវឌ្ឍ។ លោកជំទាវក៏បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់លើវិស័យវប្បធម៌ ដោយចាត់ទុកវប្បធម៌ ជាប្រលឹងជាតិ ជាកោសិកានៃសង្គមនិងជាអត្តសញ្ញាណជាតិខ្មែរ ដែលជាទ្រព្យមហាសាលពុំអាចកាត់ថ្លៃបាន។ ជាមួយនេះ រាជរដ្ឋាភិបាល បានផ្តល់ជាអាទិភាពខ្ពស់ ចំពោះការងារវប្បធម៌ និងបេតិកភ័ណ្ឌ ដោយបានដាក់ចេញនូវផែនការច្បាស់លាស់ប្រកបដោយចីរភាព ដោយឈរលើគោលការណ៍អភិរក្សដើម្បីការអភិវឌ្ឍ និងការអភិរក្សប្រកបដោយនិរន្តរភាព ។
លោកជំទាវក៏បានអំពាវនាវឱ្យយុវជនខ្មែរទាំងអស់ត្រូវចេះស្រឡាញ់អត្តសញ្ញាណជាតិ និងចូលរួមថែរក្សាការពារលើកតម្កើងបេតិកភ័ណ្ឌវប្បធម៌ តម្លៃវប្បធម៌ជាតិ ទំនៀមទំលាប់ប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជា និងចូលរួមផ្សព្វផ្សាយវប្បធម៌ជាតិ តាមរយៈ ទិវាវប្បធម៌ជាតិ មហោស្រពភាពយន្ត បន្តការរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិនិងការប្រលងប្រជែងស្នាដៃនានា ដូចជាការសម្តែង ការនិពន្ធរឿង និងកំណាព្យ ដោយត្រូវអភិរក្សតាមក្បួនខ្នាតដែលដូនតាខ្មែរបានបន្សល់ទុកឱ្យ ៕