នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើតអគារពហុមុខងារ លើផ្ទៃដីទំហំ ១៣.២៥១ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ របស់លោក ស៊ុន អេរីក(ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង ដោយក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាត ហ្រ្គីន។
កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោក លោកស្រីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងអន្តរក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរបរិស្ថានខេត្តព្រះសីហនុ តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាត ហ្រ្គីន ចំនួន ៣៤នាក់។
ជារួម អង្គប្រជុំ បានទទួលលទ្ធផល ដូចខាងក្រោម៖
១- អង្គប្រជុំ បានគាំទ្រទៅលើគម្រោងនេះ ពីព្រោះគម្រោងនេះនឹងចូលរួមដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ បង្កើតឱកាសការងារជូនប្រជាពលរដ្ឋ
២- ក្រុមហ៊ុន ត្រូវគោរពទៅតាមបទដ្ឋានអនាម័យបរិស្ថាន ដោយត្រូវសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធនឹងបច្ចេកទេសនៃប្រព័ន្ធចម្រោះទឹកកខ្វក់ ឬអាងប្រព្រឹត្តកម្មទឹកកខ្វក់
៣- ចំពោះការគ្រប់គ្រងសំណល់រឹង ក្រុមហ៊ុនត្រូវគិតគូរអំពីទីតាំងទុកដាក់ឱ្យបានត្រឹមត្រូវ និងសមរម្យ ដើម្បីកុំឱ្យប៉ះពាល់ដល់សោភ័ណ្ឌភាពសាធារណៈ
៤- ក្រុមហ៊ុន ត្រូវបំពាក់ប្រព័ន្ធអគ្គិភ័យដោយមានការទទួលស្គាល់ពីអ្នកជំនាញរបស់ក្រសួងមហាផ្ទៃ
៥- ក្រុមហ៊ុន ត្រូវសហការជាមួយអាជ្ញាធរដែនដី ដើម្បីចូលរួមគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងមិនត្រូវឱ្យបុគ្គលិក-កម្មករស្នាក់នៅក្នុងអគារកំពុងសាងសង់ទេ
៦- ក្រុមហ៊ុនម្ចាស់គម្រោង ត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សា ដេីម្បីកែសម្រួលរបាយការណ៍នេះ ស្របតាមស្មារតីអង្គប្រជុំ៕