សម្តេចតេជោ ហ៊ុន សែន សម្រេចទៅទីក្រុងប៉េកាំង វិញ ក្រោយភាគីចិនមិនអាចរៀបចំឲ្យទៅទីក្រុងវូហាន ដើម្បីជួបជាមួយថ្នាក់ដឹកនាំរបស់ចិន មុនត្រឡប់មកប្រទេសកម្ពុជាវិញ


(ភ្នំពេញ)៖ ថ្លែងផ្តល់កិច្ចសម្ភាសន៍ថ្មីនាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា បើទោះបីចិនមិនអនុញ្ញាតឲ្យទៅកាន់ទីក្រុង វូហាន ទីដែលកំពុងរាលដាលខ្លាំងបំផុតនៃមេរោគកូរ៉ូណា ប៉ុន្តែសម្តេចតេជោ សម្រេចនឹងដឹកនាំគណៈប្រតិភូ ចេញពីទីក្រុងសេអ៊ូលនៅរសៀលថ្ងៃពុធនេះ ទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបជាមួយថ្នាក់ដឹកនាំរបស់ចិន មុននឹងត្រឡប់ប្រទេសកម្ពុជាវិញ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ ឲ្យដឹងថា ការសម្រេចចេញទៅទីក្រុងប៉េកាំងនេះ គោលបំណងដើម្បីពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ របស់ចិនលើការងារទំនាក់ទំនង, បញ្ហាកំពុងកើតឡើងនៃមេរោគកូរ៉ូណា និងជាពិសេសបញ្ជាក់ពីជំហរអំពីការមិនជម្លៀសមន្រ្តី និងនិស្សិតរបស់កម្ពុជាចេញពីប្រទេសចិន ព្រមទាំងបញ្ជាក់មិនបិទជើងហោះហើរជាមួយចិននោះឡើយ។

សូមជំរាបថា នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ ក្រសួងការបរទេសចិន បានជូនដំណឹងក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ភាគីចិនមិនអាចរៀបចំជូនសម្តេចតេជោ ហ៊ុន សែន ចំពោះដំណើរទៅកាន់ទីក្រុង​ វូហាន ខេត្តហ៊ូប៉ី ប្រទេសចិន បានទេ ដោយសារទីនោះកំពុងរីករាលដាលខ្លាំងបំផុតនៃមេរោគកូរ៉ូណា។

កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសកូរ៉េខាងត្បូង, សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត ប៉ុន្តែនៅពេលនេះភាគីមិត្តចិន បានឆ្លើយតបវិញហើយថា ចិនមិនអាចរៀបចំដំណើររបស់សម្តេចទៅកាន់ទីក្រុង វូហាន បានទេ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន សម្រេចនឹងដឹកនាំគណៈប្រតិភូទៅកាន់ទីក្រុងប៉េកាំង មុននឹងត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ៕