ជួបសំណេះសំណាល ជាមួយប្រជាកសិករ សមាជិកបណ្តុំអាជីវកម្ម និងសមាជិក សហគមន៍កសិកម្ម ស្ថិតក្នុង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង


នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាកសិករ សមាជិកបណ្តុំអាជីវកម្ម និងសមាជិក សហគមន៍កសិកម្ម ស្ថិតក្នុងឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុកសៀមបូក ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ប្រជាកសិករ សមាជិកបណ្តុំអាជីវកម្ម និងសមាជិក សហគមន៍កសិកម្ម ព្រមទាំងមន្រ្តីពាក់ព័ន្ធសរុបប្រមាណជាង ៣០០ នាក់ ។

លោក សាយ ពន្លឺចិត្តៈករុណា បានឲ្យដឹងថា ការចាប់ផ្តើមធ្វើចម្ការម្នាស់ដំបូងរបស់លោកហាក់មានភាពត្រដាបត្រដួសបន្តិច តែ២ឆ្នាំកន្លះចុងក្រោយមកដំណើរការបានរលូនបន្តិចម្ដង។ ដោយការដាំដុះចេះតែទទួលបានទិន្នផលល្អ និងទីផ្សារសមគួរផង ចម្ការម្នាស់ ដែលផ្តើមចេញពីផ្ទៃដីដែលឪពុកចែកឲ្យចំនួន ៥ ហិកតា មកដល់បច្ចុប្បន្ន លោក ករុណា បានពង្រីកផ្ទៃដីចម្ការបានកើនដល់ជិត ៥០ហិកតាហើយ។ ក្នុងនោះ ផ្ទៃដីដាំម្នាស់ មានត្រឹមតែ ១៥ហិកតាប៉ុណ្ណោះ ក្រៅពីនេះទុកនៅទំនេរមិនទាន់ដាំអ្វីនៅឡើយ។

ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តបានមានគូសបញ្ជាក់អំពី គោលកាណ៍ ផែនការអភិវឌ្ឍវិស័យកសិកម្ម ទីផ្សារកសិកម្ម និងផលិតផលកសិកម្ម ជូនដល់ប្រជាកសិករ សមាជិកបណ្តុំអាជីវកម្ម និងសមាជិក សហគមន៍កសិកម្ម។ ឯកឧត្តមអភិបាលខេត្ត មានសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាកសិកររបស់យើង នឹងមានភាពជឿជាក់លើការអនុវត្តការងាររបស់អាជ្ញាធររបស់យើង ជាពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលតែងតែចុះជាប់ជាប្រចាំជាមួយបងប្អូន។ លើសពីនេះ ក៏យើងបានបង្កើនភាពស្និតស្នាល ហើយបងប្អូនក៏អាចចែករំលែកបច្ចេកទេសថ្មីៗ បទពិសោធល្អ និងចូលរួមស្វែងរកដំណោះស្រាយទាំងអស់គ្នា។

ឯកឧត្តម ឡូយ សុផាត បានមានប្រសាសន៍ថា ប្រជាកសិករ និងសមាជិកបណ្តុំអាជីវកម្មមាន់ ម្នាស់ទឹកឃ្មុំ ស្វាយចន្ទី បន្លែ ស្វាយកែវរមៀត កៅស៊ូ ដំឡូងមី និងសមាជិកសហគមន៍កសិកម្ម ឯកឧត្តម សង្ឃឹមជឿជាក់ថាភាពក្រីក្ររបស់ប្រជាពលរដ្ឋក៏ដូចជាប្រជាកសិករនៅក្នុងខេត្តស្ទឹងត្រែង នឹងត្រូវកាត់បន្ថយមួយកម្រិតថែមទៀត ហើយការយល់ដឹងអំពីបច្ចេកទេសនានា ក្នុងចំណោមប្រជាកសិករទាំងឡាយនឹងត្រូវបានបង្កើន និងចែករំលែក៕