ឯកឧត្តម សុក ផេង បានអញ្ជើញជាគណៈធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋស្ថិត ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម


នារសៀលថ្ងៃអាទិត្យ 15កើត ខែមាឃ ឆ្នាំកុរឯកស័ក ពស 2563 ត្រូវនឹងថ្ងៃទី 9 ខែកុម្ភៈឆ្នាំ 2020 ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកចំការលើ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយឃុំល្វាលើ បានអញ្ជើញជាគណៈធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋស្ថិត ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។

មានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំល្វាលើនាឱកាសនោះដែរ ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកចំការលើ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយឃុំល្វាលើ បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកចំការលើ និយាយរួម និងនិយាយដោយឡែកបងប្អូនប្រជាពលរដ្ឋឃុំល្វាលើនេះផ្ទាល់តែម្តង ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់គិតពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ពេលវេលា។

បន្ថែមពីលើនេះទៀតឯកឧត្តម បានមានប្រសាសន៍ថា បច្ចុប្បន្ននេះបញ្ហា ជំងឺ Coronavirus ដែលកំពុងមានការរំជើបរំជួលយ៉ាងខ្លាំងនៅលើពិភពលោក ជាពិសេសគឺបាននឹងកំពុងផ្ទុះឡើងនៅក្រុងវូហាន ប្រទេសចិន ដែលមានអ្នកឆ្លងប្រមាណជា៣ម៉ឺននាក់ និងស្លាប់ ប្រមាណជា ៧០០នាក់ ដោយឡែកប្រទេសកម្ពុជា របស់យើងពុំមានការផ្ទុះឡើងនៃមេរោគ Coronavirus នេះឡើយ ដោយមានអ្នកមានជំងឺមានតែម្នាក់គត់គឺនៅខេត្តព្រះសីហនុ ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាកុំមានការភ័យខ្លាច លើបញ្ហានេះតាមព័ត៌មានភូតកុហកឡើយ។

ឯកឧត្តម បានបន្តទៀតថា ដើម្បីជៀសវាងចំពោះបញ្ហានេះយើងត្រូវអនុវត្តតាមការបង្ហាញរបស់ក្រសួងសុខាភិបាលដែលបានធ្វើការផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋនាពេលកន្លងមកនេះ។ ឯកឧត្តម ក៏បានលើកឡើងពីបញ្ហា EBA ដែលជាប្រព័ន្ធអនុគ្រោះពន្ធ ដែលត្រូវអ្នកនយោបាយមួយចំនួនបានទាញយកចូលជាបញ្ហានយោបាយ តែជាក់ស្តែងបញ្ហានេះមិនបានធ្វើអោយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងជួបវិបត្តិសេដ្ឋកិច្ចនោះឡើយ។

ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូន ប្រជាពលរដ្ឋក្នុងអង្គពិធីនាឱកាសនេះ ត្រូវរួមគ្នាថែរក្សាសន្តិភាពដែលកំពុងតែមានស្រាប់នេះ ដើម្បីឲ្យកូនចៅរបស់យើងជំនាន់ក្រោយមានឱកាសបន្តការអភិវឌ្ឍក្នុងប្រទេស ក៏ដូចជា ក្នុងមូលដ្ឋានរបស់យើងអោយបានរីកចំរើនតទៅមុខ ព្រោះការកសាងសន្តិភាពគឺជាការពិបាកតែ ការបំផ្លិចបំផ្លាញសន្តិភាពគឺជាការងាយស្រួល តែទោះជាយ៉ាងណាក៏យើងមិនអាចអោយជនណាម្នាក់មកបំផ្លាញសន្តិភាពនេះបានឡើយ៕