ការចុះត្រួតពិនិត្យ ការដ្ឋានអគាររដ្ឋបាល និងត្រៀមស្នេីភាគីថៃបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ជាបណ្តោះអាសន្នដើម្បីជួយសម្រួលចរាចរណ៍ទំនិញ


ថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញពិនិត្យស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដែលត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ និងចុះត្រួតពិនិត្យការដ្ឋានអគាររដ្ឋបាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័ន មន្ត្រីរាជការក្រោមឱវាទក្រសួង តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសផងដែរ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងស្នើសុំទៅកាន់ខាងភាគីថៃក្នុងការបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលចរាចរណ៍របស់រថយន្តដឹកទំនិញឆ្លងកាត់រវាងកម្ពុជា និងថៃ និងជួយកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែតនាពេលបច្ចុប្បន្ន។

សូមជម្រាបថា៖ ការបើកច្រកព្រំដែនត្រង់ចំណុចស្ទឹងបត់-បានណងអៀននេះ នឹងបង្កើនកាលានុវត្តភាពដល់កិច្ចសហ ប្រតិបត្តិការអន្តរជាតិ និងកាអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការបង្កើតការងារ ក៏ដូចជាការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ អាស៊ានក្នុងការតភ្ជាប់ ប្រទេសនៅក្នុងតំបន់ អាស៊ានទាំងមូល (Asean Connectivity)ផងដែរ៕