ការប្រកួតកីឡាសិស្សបឋមសិក្សា.មធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០១៩.២០២០ខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈ ពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា.មធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំខេត្តកំពង់ឆ្នាំងលើប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្មបុរសនារីឆ្នាំ២០១៩.២០២០បានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នៅទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ហេង ពិទូ អភិបាលរងខេត្តនិងមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរអប់រំខេត្តលោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តប្រតិភូដឹកនាំកីឡាករកីឡាការីនីសិស្សនុសិស្សមកពីស្រុក/ក្រុងទាំង៨ក្នុងខេត្តកំពង់ឆ្នាំង។

តាមរបាយការណ៍ស្វាគមន៍របស់លោកស៊ឹម ម្រឹមប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំងបានអោយដឹងថាៈប្រភេទកីឡាដែលត្រូវប្រកួតរួមមានបាល់ទាត់,បាល់ទះ,បាល់បោះនិងអត្តពលកម្ម។

ឯកឧត្តម ហេង ពិទូ បានថ្លែងថាៈកីឡាករកីឡាការិនី គឺជាទំពាំងស្នងឬស្សីក្នុងការអភិវឌ្ឍន៍ជាតិនាថ្ងៃអនាគតដែលមិនអាចខ្វះបាន។ការប្រកួតកីឡាជ្រើសរើសជើងឯកនៅក្នុងពេលនេះ គឺជាការប្រកួតដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។វេទិកាកីឡា គឺជាកាលាអនុវត្តភាពប្រកបដោយសមធម៌ដែលផ្តល់អោយកីឡាករនិងគូរប្រកួតមានឳកាសសាកល្បង បញ្ចេញសមត្ថភាពបច្ចេកទេស ទេពកោសល្យ ដើម្បីទទួលជ័យជំនះ។ ទន្ទឹមនេះដែរវិស័យកីឡាបានរួមចំណែកកាត់បន្ថយភាពអសកម្ម អំពើអបាយមុខក្នុងសង្គម ដូចជាការសេពគ្រឿងញៀន ល្បែងស៊ីសង អំពើហឹង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗក្នុងសង្គមជាតិ។

ឯកឧត្តមហេង ពិទូ ក៏បានផ្តាំផ្ញើផងដែរដល់គណៈកម្មាការប្រកួតកីឡា គណៈប្រតិភូកីឡាស្រុក/ក្រុងទាំង៨ សូមសហការគ្នាអោយបានល្អក្នុងការប្រកួតកីឡាសិស្សបឋមសិក្សានិងមធ្យមសិក្សាក្នុងពេលនេះអោយទទួលបានជោគជ័យ និងលទ្ធផលល្អ និងសំរាប់ផ្តល់កិត្តិយសអោយក្រុង/ស្រុកនិមួយៗរបស់ខ្លួនផងដែរ។

ឯកឧត្តម ហេង ពិទូ ក៏បានសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងក្រុងកំពង់ឆ្នាំងត្រូវយកចិត្តទុកដាក់រក្សាសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពអោយបានល្អដល់ក្រុមកីឡាកករ កីឡានីទាំងអស់ដែលបានមកប្រកួតនៅក្នុងក្រុងខេត្តកំពង់ឆ្នាំង។