កិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អណត្តិទី៣


នាព្រឹកថ្ងៃទី១១ខែ កុម្ភៈ ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ដែលមានរបៀបវារៈមានចំនួន៥ចំណុចជាសំខាន់ ក្នុងនោះជាលទ្ធផលដែលកត់សម្គាល់ គឺការអនុម័តរបស់កិច្ចប្រជុំទៅលើ៣របៀបវារៈ សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្ត សេចក្តីព្រាងរបាយការណ៍ ប្រចាំខែ មករា ឆ្នាំ២០២០របស់រដ្ឋបាលខេត្ត និង អនុម័តលើបញ្ជីសំណួរ សំណូមពរដែលបានលើកឡើង ក្នុងវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០១៩ ។

កិច្ចប្រជុំសាមញ្ញលើកទី៩នេះ ដឹកនាំដោយឯកឧត្តម អ៊ាន ឃុន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត និង លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តតំណាងឯកឧត្តម អភិបាលនៃគណៈអភិបាល ខេត្ត រួមទាំងឯកឧត្ត លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាព នាយក ទីចាត់ការ អង្គភាព ចំណុះឲ្យសាលាខេត្ត អាជ្ញាធរក្រុង ស្រុកចូលរួមផងដែរ ។

ឆ្លងតាមកិច្ចប្រជុំ ពិភាក្សា និង ការបកស្រាយនូវរាល់ចំណោទបញ្ហាដែលសមាជិកក្រុមប្រឹក្សាខេត្តបានលើកឡើង ត្រូវបានមន្ទីរ អង្គភាពសាមីបានធ្វើការបកស្រាយបំភ្លឺ ដោយផ្តោតទៅលើបញ្ហា អគ្គិសនី , ការងារវប្បធម៌ ពីគំនូរខ្មែរ ,ជន អណាថា , ផ្លូវថ្នល់ក្នុងក្រុង , ការទប់ស្កាត់រថយន្តដឹកជញ្ជូនលើសទម្ងន់ , បញ្ហាទឹកកង្វក់ហូរលើផ្លូវ , ការដាក់ទង់ជាតិ អន្តរជាតិនៅតាមសាលារដ្ឋ , ការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍ និង ការស្លាប់របស់ជំទប់ឃុំល្វា ស្រុកពួកផងដែរ ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ដែលបានដឹកនាំមន្រ្តីជំនាញចូលរួមក្នុងកិច្ចប្រជុំនោះ លើកឡើងថា ៖ នៅក្នុងសម័យកាលបច្ចេកវិទ្យាទំនើបនេះ អ្វីៗដែលកើតឡើងក្នុងសង្គម វាមិនមែនជាអាថ៌កំបាំងនោះឡើយ វានឹងកើតឡើងនូវប្រតិកម្មភ្លាមៗពីសំណាក់មហាជន ។ បើជាការរិះគន់នោះក្នុងបំណងដើម្បីស្ថាបនា នោះវាជារឿងដ៏ល្អសម្រាប់ការទទួលយកដើម្បីកែលម្អ តែវានឹងអាចជាការរិះគន់ ក្នុងន័យនយោបាយផ្សេងទៀត នាំឲ្យមានការប៉ះពាល់ ដល់ការដឹកនាំរបស់អាជ្ញាធរខេត្ត ក៏អាចថាបានដូច្នេះមន្រ្តីជំនាញទទួលខុសត្រូវគ្រប់បណ្តាស្ថាប័ន-អង្គភាពទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ចៀសវាងឲ្យបានសម្រាប់ប្រការចុងក្រោយនេះ ដោយការអនុវត្តភារកិច្ចដើម្បីសង្គមជាតិរីកចម្រើន និងដើម្បីមោទនភាពរបស់ថ្នាក់ដឹកនាំ ។

ការជម្រុញឲ្យមន្រ្តីដែលមានទួនាទី-ភារកិច្ចបំពេញការងាររដ្ឋ បំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ដើម្បីភាពរីកចម្រើននៃសង្គមជាតិ ត្រូវបានឯកឧត្តម អ៊ាន ឃុន ក៏បានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ដោយឯកឧត្តមបានសង្កត់ធ្ងន់នោះ គឺការលើកយកប្រសាសន៍ដ៏មានតម្លៃនៃសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលិកម្ពុជា ក្នុងការជម្រុញឲ្យមន្រ្តីរាជការ រួមទាំងថ្នាក់ដឹកនាំផងដែរ ត្រូវចេះប្រើដាវអំណាចការងារ ត្រួសត្រាយ វះកាត់ សម្រេចកិច្ចការឲ្យមានប្រសិទ្ធភាព ។ ការរំលឹកនិងជម្រុញបែបនេះ គឺជាបំណងបង្ការ ការពារ និងចៀសវាង ការដែលទុកឲ្យចំណុចអវិជ្ជមានសេសសល់នៅរៀងរាល់ឆ្នាំដោយមិនមានដំណោះស្រាយ មិនគោរពសមត្ថកិច្ចរបស់ខ្លួន ក្លាយជាទម្លាប់មិនល្អ បង្កផលវិបាកសម្រាប់ការដោះស្រាយមិនចប់នោះ ។

ឯកឧត្តមក៏បាន សំណូមពរដល់បណ្តាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក គឺត្រូវបង្កើនការងាររបស់ខ្លួន សំខាន់រាល់បញ្ហាដែល នៅសេសសល់ពីឆ្នាំចាស់ យកមកធ្វើការដោះស្រាយ ដើមី្បឲ្យអស់ពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលបានលើកឡើង កន្លងមក ក្នុងគោលដៅបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋ និង សង្គមជាតិ ។ ក្នុងនោះឯកឧត្តមក៏បានលើកនូវ ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ដោយបញ្ជាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ សមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺមិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋឡើយ គឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយយើងគ្រប់រូបកើតឡើងពីប្រជាពលរដ្ឋ ដែល ជាម្ចាស់បោះឆ្នោត ។ ម៉្យាងទៀត ចំពោះរាល់បញ្ហាដែលក្រុមប្រឹក្សាខេត្ត បានលើកនូវក្នុងកិច្ចប្រជុំសាមញ្ញលើកទី៩នេះ សូមសាមីមន្ទីរ អង្គភាព និង អាជ្ញាធរក្រុង ត្រូវយកទៅធ្វើការពិនិត្យ និង អនុវត្តឲ្យបានទទួលលទ្ធផលជាផ្លែផ្កា ក្នុងការ លើកកម្ពស់សោភណ្ឌភាពក្រុង និង សុខមាលភាពរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប ៕