ខេត្ត​កំពង់ចាម​ ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ​ រចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង-ស្រុក​ ទាំង​១០​ ដែល​មាន​មន្ត្រី​រាជការ​ជាង៦០០នាក់​


កំពង់ចាម​: រចនាសម្ព័ន្ធថ្មីនៃរដ្ឋបាល​ក្រុង-ស្រុក​ ទាំង​១០ របស់​ខេត្ត​កំពង់ចាម​ ដែល​​​មាន​​មន្ត្រី​រាជការ​សរុប​ចំនួន​៦០៧នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​១៨៨នាក់​ ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ​ រួចរាល់​ហើយ​នៅ​ថ្ងៃទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២០នេះ​​ ជាមួយ​គ្នា​នោះ​ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណេីរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុក​ស្រីសន្ធរ​ និងស្រុកកំពង់សៀម​ ដោយមានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹក​នាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក​ មន្ត្រីរាជការ ការិយាល័យជំនាញ កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​៣​ និង​មន្ត្រី​មូលដ្ឋាន​​ថ្នាក់​ឃុំ​​-ភូមិ​​ ជាច្រើន​រូប​ ផង​ដែរ​។

ថ្លែងក្នុង​ពិធី​នោះ​ដែរ លោក​ ​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​លើក​ឡើង​ថា​ ការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុក នាពេលនេះ​ ជាការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ​ នៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ​ ក្នុង​គោលបំណង​ ​​ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋានតាមរយៈការផ្លាស់ប្ដូរប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រង​រដ្ឋបាលនៅថ្នាក់មូលដ្ឋាន ស្របតាមគោលនយោបាយកំណែទម្រង់​ ការ​ផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ​ ដែលនៅកៀកជិតជាពលរដ្ឋ​ មានលទ្ធភាព​ មានភាពម្ចាស់ការ និងការទទួលខុសត្រូវច្បាស់​ ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋានដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងដោះស្រាយនូវបញ្ហាប្រឈមជាក់ស្ដែងនានា​របស់ប្រជាពលរដ្ឋ​ នៅតាមមូលដ្ឋាននីមួយៗ​ ឱ្យបានទាន់ពេលវេលា​ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។​ ដែលជា​ការ​លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន​ ក្នុងការធ្វើសេចក្ដីសម្រេចពាក់ព័ន្ធនឹងការគ្រប់គ្រងដឹកនាំ និងអភិវឌ្ឍន៍មូលដ្ឋាន​ របស់ខ្លួនសំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ​។

ជាមួយគ្នា​នោះ​ លោក​អភិបាលខេត្ត​ ក៏បានផ្ដាំផ្ញើដល់ ក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពធ្វើការ គោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបការងារ​ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទី​ ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ​។

គួរ​បញ្ជាក់​ផង​ដែរថា​ ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានចុះប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាល​ក្រុង-ស្រុក១០​ ក្នុង​នោះ​មាន​ក្រុង​កំពង់ចាម​ ស្រុក​ស្ទឹងត្រង់​ ចំការ​លើ​ កងមាស​ កោះសូទិន​ ជេីងព្រៃ​ បាធាយ​ ព្រៃឈរ​ ស្រីសន្ធរ​ និង​ស្រុក​កំពង់សៀម​ ដោយ​​មាន​​មន្ត្រី​រាជការ​សរុប​ចំនួន​៦០៧នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​១៨៨នាក់​ ផង​ដែរ​ ៕