ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានកងពលតូចថ្មើរជើងលេខ៤១


ខេត្តឧត្ដរមានជ័យ៖ រសៀលថ្ងៃច័ន្ទ ០៨រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ នាយទាហាន នាយទាហានរង និង ពលទាហាន ក្នុងសកម្មភាពបន្តរឹតចំណងសម្ព័ន្ធមេត្រីភាពរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគន៍ និងក្រុមហ៊ុនសុភកិ្តនីកា អុីនវេសមេនគ្រុបខូអិលធីឌី(ចំការកៅស៊ូជុប)ជាមួយកងពលតូចថ្មើរជើងលេខ៤១ ស្ថិតនៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៤១ ក្នុងភូមិអូរគគីកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ពិធីនេះមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការមកពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អង្គភាពក្រោមឱវាទ ភ្ញៀវកិត្តិយសជាតំណាងប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍ ទូរគមនាគមន៍ និងពីសំណាក់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តមឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ នាយទាហាន នាយទាហានរង ពលទាហាន យ៉ាងច្រើនកុះករផងដែរ។

ក្នុងបរិយាកាសដ៏រីករាយនេះ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានពាំនាំនូវក្តីនឹករលឹកនិងការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំកំពូលៗ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនកងទ័ពជាប់ជានិច្ច មិនថា កាលៈទេសៈណាក៏ដោយ។ ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការលះបង់ដ៏ធំធេងរបស់បងប្អូនយុទ្ធជនដើម្បីបុព្វហេតុជាតិមាតុភូមិ ការខិតខំកាពារបានបូរណភាពទឹកដីជាប្រចាំនៅតំបន់តាម បន្ទាត់ព្រំដែននេះ គោរពតាមការចាត់តាំងបានល្អរៀងរហូតមក ការចូលរួមថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ និងរួមគ្នាប្រឆាំងជាដាច់ខាត នូវរាល់អំពើនិងសកម្មភាពទាំងឡាយណាដែលប៉ុនប៉ងបំផ្លិចបំផ្លាញសុខសន្តិភាពនាំប្រទេសដើរឆ្ពោះទៅរកអស្ថិរភាពនិងអសន្តិសុខ ។ បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរយ៉ាងកក់ក្តៅប្រកបដោយមោទនភាពខ្ពស់បំផុត ចំពោះកងពលតូចថ្មើរជើងលេខ៤១ ដែលរក្សាបាននូវភាពស្ងប់ស្ងាត់តាមបន្ទាត់ព្រំដែននេះ ដែលសហការដោយការយោគយល់គ្នាទៅវិញទៅមកជាមួយប្រទេសជិតខាង ផ្តល់ឱកាសជូនប្រជាពលរដ្ឋបានរស់នៅ និងប្រកបការងារមានសុខដុមរមនា និងសុខក្សេមក្សាន្តជាប្រក្រតីនៅតាមមូលដ្ឋានជាប់ព្រំដែននេះ។

ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា តទៅមុខទៀតចំណងនៃកិច្ចសហប្រតិបត្តិការសម្ព័ន្ធមេត្រីភាពនេះ រឹតតែត្រូវបានពង្រឹងឲ្យកាន់តែប្រសើរឡើងៗ រួមជាមួយនឹងការបន្តខិតខំព្យាយាមកៀរគរស្វែងរកការគាំទ្រឧបត្ថម្ភពីប្រភពសប្បុរសជននានាសម្រាប់បំពេញការខ្វះខាត និងតម្រូវការរបស់បងប្អូនយុទ្ធជន មិនថាស្ថិតនៅក្នុងស្ថានតានតឺងនោះទេយើងត្រូវការចាំបាច់បំផុតនូវសាមគ្គីភាពដើម្បីរួមគ្នាគាំទ្រជីវភាពរស់នៅរបស់យុទ្ធជន ដែលកាយវិការនេះក៏បញ្ជាក់ផងដែរអំពីគោលជំហរការពារសុខសន្តិភាពរបស់ប្រទេសយើងទាំងអស់គ្នា។ សំខាន់ជាងនេះទៅទៀត យើងដែលនៅសមរភូមិក្រោយ មានជំនឿជានិច្ចលើកងកម្លាំងបងប្អូនយុទ្ធជនយើងនៅទីនេះ ក៏ដូចជានៅទូទាំងប្រទេសដែលកំពុងឈរជើងប្រចាំការនៅទីតាំងដ៏ទៃឯទៀតថា ប្រកាន់ជំហរសាមគ្គីដ៏រឹងមាំ ព្រួតគ្នាបន្តភារកិច្ចឲ្យបានគ្រប់ជ្រុងជ្រោយ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុតក្នុងការការពារមូលដ្ឋានរៀងៗខ្លួន ដើម្បីការពាររក្សាសុខសន្តិភាពយើងទាំងអស់គ្នាកំពុងទទួលបានរហូតដល់សព្វថ្ងៃនេះ ហើយ “សូមអរគុណសន្តិភាព” ។

នៅចុងបញ្ចប់នៃពិធី ឯកឧត្ដមរដ្ឋមន្ត្រី និងប្រតិភូអមដំណើរបាននាំយកគ្រឿងឧបភោគ/បរិភោគ ព្រមទាំងថវិកាមួយចំនួនដែលបានមកពីការចូលរួមឧបត្ថម្ភពីសំណាក់អង្គភាពក្រោមឱវាទក្រសួង និងក្រុមហ៊ុនប្រតិបត្តិករ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់នាយទាហាន នាយទាហានរង ពលទាហាន និងអង្គភាពកងពលតូចថ្មើរជើងលេខ ៤១៕