ព្រឹកថ្ងៃអង្គារ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរសង្កាត់ និងមន្ត្រីថ្នាក់មូលដ្ឋាននៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ…។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្ត្រីថ្នាក់មូលដ្ឋាន នាឱកាសនោះសម្តេច បានជំរាបសួរសុខទុក្ខ អំពីស្ថានភាព ការងារនិងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនជាមន្ត្រី និងប្រជាពលរដ្ឋ នៅមូលដ្ឋាន ។ សម្តេចប្រធានក្រុមការងារ បានលើកសរសើរចំពោះមន្រ្តី និងអាជ្ញាធរមានសមត្ថកិច្ចដែលកន្លងមកបាន
យកអស់កម្លាំងកាយចិត្តបំពេញភារកិច្ច ការងារ និងប្រឹងប្រែងដោះស្រាយនូវរាល់បញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានសង្កាត់ជាពិសេសការខិតខំបំរើសេវាសាធារណៈជូនប្រជាជន និងការរក្សាការពារបានល្អនូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅក្នុងមូលដ្ឋានប្រកបដោយសុខសុវត្ថិភាព។
សម្តេចភក្តី ក៏បានជំរាបជូនផងដែរអំពីសភាពការណ៍វិវត្តន៍រីកចម្រើនថ្មីៗ លើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងការខិតខំរបស់មន្រ្តីគ្រប់ថ្នាក់ គ្រប់ផ្នែក ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងការចូលរួមរបស់ប្រជាពលរដ្ឋយើងនៅគ្រប់មជ្ឈដ្ឋាន រហូតមានលទ្ធផលដូចសព្វថ្ងៃ…។ ចំពោះបញ្ហាប្រឈមសំណូមពរ និងក្តីកង្វល់ ការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន…សម្តេចប្រធានបានទទួលស្តាប់ដោយការយកចិត្តទុកដាក់ និងបានផ្តល់អនុសាសន៍ ដោះស្រាយបញ្ហាផងដែរ…។
មុនបញ្ចប់ សម្តេចបានក្រើនរំលឹក ៖
-បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យកាន់តែរឹងមាំយកអស់កម្លាំងកាយចិត្ត
បំពេញតួនាទី ភារកិច្ចឲ្យកាន់តែល្អឡើងថែមទៀត។
– បន្តយកចិត្តទុកដាក់ ក្នុងការបំរើសេវាសាធារណៈ ជូនប្រជាជនយើងដោយមិនរើសអើងនិងប្រកបដោយតម្លាភាព គុណភាព ប្រសិទ្ធភាពហើយឆាប់រហ័ស …។
-ខិតខំអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដោយផ្តោតជាចំបងលើបញ្ហារក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឲ្យបានរឹងមាំ ទប់ស្កាត់ លុបបំបាត់ និងដើម្បីកាត់បន្ថយ បទល្មើស(ជាពិសេសសកម្មភាពជួញដូរ ប្រើប្រាស់គ្រឿងញៀន) និងភាពអសកម្មនានាឲ្យនៅតិចតួចបំផុត និងខិតខំដោះស្រាយបញ្ហាប្រឈម ទុក្ខលំបាករបស់ប្រជាជនឲ្យបានកាន់តែច្រើនដើម្បីឲ្យបានកាន់តែសក្តិសមទៅនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋយើង ..។
-ចំពោះបញ្ហាសុខភាពផ្ទាល់ខ្លួនម្នាក់ៗ ត្រូវប្រយ័ត្នប្រយែង ថែទាំឲ្យបានល្អ និងរឹងមាំ..ជាពិសេសត្រូវបង្កើនបញ្ហារក្សាអនាម័យ និងប្រុងប្រយ័ត្នចំពោះហានិភ័យនៃការឆ្លង និងចម្លងជម្ងឺរលាកផ្លូវដង្ហើមថ្មី ដែលកំពុងកើតមាន នៅក្នុងប្រទេសចិន និងបានឆ្លងរាលដាលជាច្រើនករណីទៀតនៅបណ្តាប្រទេសមួយចំនួន…សូមអាជ្ញាធរគ្រប់ថ្នាក់ចាប់អារម្មណ៍តាមដានព័ត៌មានអំពីសុខទុក្ខប្រជាពលរដ្ឋយើងនៅមូលដ្ឋាន និងសេចក្តីប្រកាព័ត៌មាន សេចក្តីណែនាំថ្មីៗ សារអប់រំសុខភាពសំខាន់ៗ របស់ក្រសួងសុខាភិបាលសម្រាប់កិច្ចការពារសុខភាពពីការឆ្លងជម្ងឺនេះ ហើយបន្តផ្សព្វផ្សាយ អប់រំ ណែនាំឲ្យបានទូលំទូលាយ និងឆាប់រហ័សដល់គ្រប់មជ្ឈដ្ឋានប្រជាជនយើងនៅឯមូលដ្ឋាន ព្រមជាមួយនេះដែរសូមមានការប្រុងប្រយ័ត្នខ្ពស់ និងតាមដានស្តាប់សភាពការណ៍ វិវត្តន៍ថ្មីៗ ហើយសូមពិចារណា និងចេះវិភាគនូវព័ត៌មានណាពិត ព័ត៌មានណាក្លែងក្លាយដែលគេធ្វើក្នុងបំណងទុច្ចរិតដើម្បីបំភិតបំភ័យ វាយប្រហារមកលើរាជរដ្ឋាភិបាលយើង ក្នុងបំណងបំផ្លាញសុខសន្តិភាព បន្ទុចបង្អាក់ការវិវឌ្ឍរីកចំរើនរបស់សង្គមជាតិយើង…។
សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្រ្តីថ្នាក់មូលដ្ឋានសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
