ថៃ្ងព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ញាណ ឡេង អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ ឯកឧត្តម ប៉ែន ធីរុង្គ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយនឹងលោកស្រី Lee Hye Kyung Country Director Korea Exim Bank ប្រចាំប្រទេសកម្ពុជា ចូលរួមដោយមន្ត្រីពាក់ព័ន្ធទាំង២ ក្រសួង និងអាជ្ញាធរខេត្តបាត់ដំបង បានប្រជុំពិភាក្សា លើវិវឌ្ឍនភាព នៃការ អនុវត្តគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ថិតនៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ និងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់បរវេល ខេត្តបាត់ដំបងសម្រាប់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍វិស័យធនធានទឹក ។ បន្ទាប់ពីប្រជុំពិភាក្សា ក្រុមការងារបានចុះត្រួតពិនិត្យរួមគ្នាលើការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអនដែលគិតមកទល់បច្ចុប្បន្ន ការងារនេះសម្រេចបានប្រមាណ ៤៧% លើផែនការកំណត់ ។ សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអនទទួលហិរញ្ញប្បទានឥណទានពី K-Exim Bank ដែលមានលទ្ធភាពផ្តល់ទឹកសម្រាប់ស្រោចស្រពផ្ទៃដីបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ១០.៤០០ហិកតា នៅក្នុងស្រុកឯកភ្នំ ស្រុកសង្កែ ។ ទន្ទឹមនឹងនេះ ទឹកស្ទឹងសង្កែដែលតែងតែហូរធ្លាក់ចោលទៅក្នុងបឹងទន្លេសាប នឹងត្រូវបានរក្សានិងបង្វែរទឹកទាំងខួបប្រាំង និវស្សា សម្រាប់ផ្គត់ផ្គង់ឱ្យការផលិតទឹកស្អាត ស្រោចស្រពដំណាំកសិកម្ម និងលើកកម្ពស់សោភ័ណភាពក្រុងបាត់ដំបង ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀតផងដែរ បន្ទាប់ពីគម្រោងនេះត្រូវបានសាងសង់បញ្ចប់ ៕
កិច្ចប្រជុំពិភាក្សា លើវិវឌ្ឍនភាព នៃការ អនុវត្តគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន
