ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នឹងមានការថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ។

ការថ្លែងសារនេះធ្វើឡើងនៅវិមានសន្តិភាព ហើយមានការផ្សាយផ្ទាល់ និងបន្តផ្ទាល់ទៅតាមបណ្តាញផ្សព្វផ្សាយនានានៅក្នុងប្រទេសកម្ពុជាផងដែរ។

បន្ទាប់ពីសម្តេចថ្លែងសារពិសេស និងបើកឱ្យមានវេទិកាសំណួរ និងចម្លើយជាមួយអ្នកព័ត៌មាន, បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី៣របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ផងដែរ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។

ក្រោយពេលបង្កើតឡើងហើយនោះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាក់ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលរួមមានការពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តីព្រាងច្បាប់នានាមុនដាក់ឱ្យរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានកោះអញ្ជើញថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា មកសាកសួរលើបញ្ហាមិនប្រក្រតីមួយចំនួន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នទាំងនោះផងដែរ។ ក្រៅពីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានចុះធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ រួមមានបញ្ហាជម្លោះដីធ្លី នៅតាមបណ្តាខេត្ត។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឱ្យដឹងថា ក្នុងរយៈពេល១៦ខែក្រោយពេលបង្កើត សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានចុះបំពេញបេសកកម្មនៅទូទាំង២៥រាជធានី-ខេត្តជាង ៤០០លើក និងបានធ្វើរបាយការណ៍អមដោយភស្តុតាងលើបញ្ហានានាដែលខ្លួនប្រមូលបានដាក់ជូនសម្តេចតេជោ ហ៊ុន សែន ជិត ២០០ករណី។ ក្នុងរបាយការណ៍ជិត២០០នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទទួលបានការឆ្លើយតបត្រឡប់មកវិញរបស់សម្តេចតេជោចំនួន៣២។

ក្នុងរយៈពេលប្រមាណ១៦ខែនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបើកកិច្ចប្រជុំពិនិត្យទៅសេចក្តីព្រាងច្បាប់ផ្សេងៗចំនួន១២លើក និងបានរៀបចំកិច្ចប្រជុំធ្វើបទបង្ហាញ និងពិគ្រោះពិភាក្សាផ្តល់ធាតុចូលជាមួយប្រតិភូក្រសួងនីមួយៗចំនួន១៣លើក។

ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានផ្តល់ថវិកាជាង ១លានដុល្លារដល់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់សម្រាប់ចំណាយលើសកម្មភាពរបស់ខ្លួន។ តែឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានចំណាយជិត ៨៧ម៉ឺនដុល្លារអាមេរិក នៅសល់ជាង ៤៥ម៉ឺនដុល្លារ។

សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកផ្តួចផ្តើមបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបង្ហាញការពេញចិត្តជាខ្លាំងចំពោះយន្តការ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបានរួមចំណែកយ៉ាងច្រើនក្នុងការដោះស្រាយបញ្ហាក្នុងសង្គម រួមទាំងបញ្ហាអសកម្មរបស់មន្ត្រីមួយចំនួនផង៕