ឯកឧត្តម ត្រាំ អុីវតឹក អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៤២ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង


ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែងឯកឧត្តម ត្រាំ អុីវតឹក សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ អាណត្តិទី៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ថ្នាក់ខេត្ត និងក្រុមការងារថ្នាក់ស្រុក​ ព្រមទាំងអស់លោក លោកស្រី ជាមន្ត្រី សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកទឹកផុស និងស្រុកកំពង់លែង ចំនួន១១២០នាក់។

មានមតិសំណេះសំណាល ឯកឧត្តម ត្រាំ អុីវតឹក បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្យាយស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សប្រជាជនកម្ពុជា ឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ ដែលបានធ្វើឡើងក្នុងសន្និបាទគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១ និងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ទៅដល់ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានមានប្រសាសន៍លើកឡើងថា គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានលើកឡើងអំពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ(EBA) អំពីការបរាជ័យរបស់គណបក្សប្រឆាំង ដែលមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលបោះឆ្នោតគាំទ្រ និងកើតចេញពីឆន្ទៈរបស់បងប្អូនប្រជាពលរដ្ឋ និងអំពីផលប៉ះពាល់ដែលបណ្តាលមកពីជំងឺCOVID-19 ដែលវាបានជៈឥទ្ធិពលដល់ពិភពលោកទាំងមូល។ លើសពីនេះទៅទៀត ឯកឧត្តមប្រធាន បានជំរុញដល់គ្រប់សមាជិកគណបក្សប្រជាជនកម្ពុជា នៅតាមបណ្តា ខេត្តក្រុង ស្រុកខណ្ឌ ភូមិ ឃុំ ទាំងអស់ទូទាំងប្រទេសគឺ ៖

ទី១) ត្រូវតែបន្តនូវសកម្មភាពរបស់សមាជិកគណបក្សប្រជាជនបន្តទៅមុខទៀត ដើម្បីឲ្យប្រជាជនមានភាពកក់ក្តៅ មានការទុកចិត្ត មកលើគណបក្សប្រជាជនកម្ពុជាយើង។

ទី២) ត្រូវបង្ហាញប្រជាជនអំពីការអភិវឌ្ឍរីកចំរើនរបស់យើងនៅក្នុងមូលដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋ បានដឹងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ជាពិសេស គោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍនៅក្នុងយុទ្ធសាស្ត្រចតុកោណនោះ គឺមានចំណុចធំៗ៤ ដែលត្រូវយកចិត្ត ទុកដាក់ គឺ ទឹក ភ្លើង ផ្លូវ និងធនធានមនុស្ស៕