រដ្ឋបាលខេត្តស្ទឹងត្រែង បើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ដើម្បីរំលេចឲ្យឃើញពីសមិទ្ធិផល ដែលសម្រេចបាន និងដោះស្រាយបញ្ហាប្រឈមឲ្យកាន់តែមានប្រសិទ្ធិភាព


នាព្រឹកថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាខេត្តស្ទឹងត្រែង មានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត។ មានវត្តមានអញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតនេះ រួមមាន ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អភិបាលក្រុង ស្រុក កងម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ តំណាងអង្គការ NGOs ក្នុងខេត្ត និងតំណាងវិស័យឯកជននានាក្នុងខេត្ត សរុបចំនួន ៤០៨នាក់ ស្រី ១០៨នាក់។
ថ្លែងនាឱកាសនោះ ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ថា អង្គសន្និបាត ដែលធ្វើឡើងនាពេលនេះ ក្នុងគោលបំណងដើម្បីឆ្លុះបញ្ចាំង បង្ហាញឲ្យឃើញអំពីលទ្ធផល និងសមិទ្ធផល ដែលសម្រេចបានក្នុងឆ្នាំ២០១៩ និងរំលេចឲ្យឃើញនូវបញ្ហាប្រឈមនានា ក្នុងការអនុវត្តតួនាទី ភារកិច្ចគ្រប់មន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធទូទាំងខេត្ត ក្នុងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការការពារធនធានធម្មជាតិ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ឯកឧត្តម អភិបាលខេត្តបានគូសបញ្ជាក់ថា អង្គសន្និបាតដែលធ្វើឡើងនាពេលនេះ ពិតជាមានអត្ថន័យបំផុត ដើម្បីយើងរួមគ្នា ធ្វើការវាយតម្លៃអំពីសមិទ្ធិផល និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងអនុសាសន៍ដឹកនាំដ៏មានតម្លៃ និងមានប្រសិទ្ធភាពបំផុត របស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តោតលើអភិក្រមទាំង៥នោះគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។
ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែក និងការផ្តល់កិច្ចសហការ ជួយគាំទ្រយ៉ាងសកម្ម ធ្វើឲ្យរដ្ឋបាលខេត្តសម្រេចបាននូវសមិទ្ធិផលនានាជាច្រើន តាមរយៈរបាយការណ៍បូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០នេះ។
អង្គសន្និបាតបានដំណើរការពិភាក្សាក្រុមតាមប្រធានបទ និងទីកន្លែងដែលបានរៀបចំជូនសម្រាប់ក្រុមនីមួយៗ(សម្របសម្រួលដោយក្រុមការងារ) ៖ ប្រធានបទទី១៖ ការពង្រឹងប្រសិទ្ធិភាពការងារសន្តិសុខ សណ្តាប់ធ្នាប់សាធាណៈ, ប្រធានបទទី២៖ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ប្រធានបទទី៣៖ ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន និងការលើកកម្ពស់អភិបាលកិច្ចលើការផ្តល់សេវាសាធារណៈ ប្រធានបទទី៤៖ ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបសល់ប្រជាពលរដ្ឋ ប្រធានទី៥៖ ការបង្កើតការអភិវឌ្ឍផ្នែកសង្គមកិច្ច ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងភាពសុខដុមរមនាក្នុងមូលដ្ឋាន ប្រធានបទទី៦៖ ការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការសង្គមស៊ីវិល និងផ្នែកឯកជនក្រុមនិមួយៗ ដើម្បីពិក្សារកបញ្ហាប្រឈម មូលហេតុ និងដំណោះស្រាយតាមវិស័យ៕