ទីបំផុតរដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ី បង្ហោះសារ «លាលែងពីតំណែង» ក្រោយពីស្រ្តីជនជាតិអាមេរិក វ័យ៨៣ឆ្នាំ រកពុំឃើញមានផ្ទុកមេរោគ Covid-19


(គូឡាឡាំពួរ)៖ រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក Dzulkefly Ahmad បានបង្ហោះសារមួយនៅលើ Twitter ដោយបង្ហាញពីការសម្រេចចិត្តលាលែងរបស់ លោក បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី មហាធៀ មហាំម៉ាត់ លាលែងចេញពីតំណែង និងស្របពេលស្រ្តីជនជាតិអាមេរិក វ័យ៨៣ឆ្នាំពីអ្នកដំណើរនាវា Westerdam រកពុំឃើញផ្ទុកមេរោគ Covid-19 នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន The Star នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

ការសម្រេចចិត្តខាងលើរបស់លោក Dzulkefly Ahmad ធ្វើឡើងកំឡុងចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទម្សិលមិញ ពីអ្នកឆ្លងជំងឺ COVID-19 ដែល បានជាសះស្បើយ ពីរនាក់បន្ថែមទៀត ដោយធ្វើឱ្យចំនួនជាសះស្បើយសរុបកើនដល់២០ នៅក្នុងប្រទេសម៉ាឡេស៊ី។ លោកបន្ថែមទៀត អ្នកជំងឺទាំងពីរនាក់ ខាងលើគឺជាជនជាតិចិន ទទួលបានការព្យាបាលនៅឯមន្ទីរពេទ្យ Hospital Kuala Lumpur។ ក៏ប៉ុន្តែទន្ទឹមគ្នា លោក Dzulkefly ក៏បានអះអាងផងដែរថា នេះគឺជាសេចក្ដីថ្លែងការណ៍ចុងក្រោយរបស់លោក ក្នុងនាមជារដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី ដោយបញ្ជាក់យ៉ាងដូច្នេះថា៖ «នេះគឺជាសេចក្ដីថ្លែងការណ៍ចុងក្រោយ របស់ខ្ញុំក្នុងនាមជារដ្ឋមន្ត្រីសុខាភិបាល» «This is my last tweet as the health minister. Thank You.”។

ការប្រកាសបង្ហោះសារលាលែងពីតំណែងជារដ្ឋមន្រ្តីក្រសួងសុខាភិបាល កើតឡើងបន្ទាប់ពីមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក US-CDC បានប្រកាសថា ស្រ្តីជនជាតិអាមេរិក វ័យ៨៣ឆ្នាំពីអ្នកដំណើរនាវា Westerdam ពុំមានផ្ទុកមេរោគ Covid-19 ដូចម៉ាឡេស៊ីលើកឡើងនោះទេ។

ព្រមពេលជាមួយគ្នា រដ្ឋមន្ត្រីកសិកម្ម និងកសិ-ឧស្សាហកម្ម លោក Salahuddin Ayub ក៏បានចេញសេចក្ដីថ្លែងការណ៍លើប្រព័ន្ធផ្សព្វផ្សាយ ពីការសម្រេចចិត្តលាលែងចេញពីតំណែង និងសូមទោសក៏ដូចជាអរគុណដល់កសិករ និងអ្នកនេសាទទាំងអស់នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ កំឡុងរយៈពេលនៃការបំពេញភារកិច្ច ជារដ្ឋមន្ត្រីរយៈពេលមួយឆ្នាំ និង៨ខែមកនេះ។ លោកបន្ថែមដូច្នេះថា៖« ខ្ញុំបានបំពេញភារកិច្ច និងជួយដល់កសិករ និងក្រុមអ្នកនេសាទ ក្នុងអាណិត្តជារដ្ឋមន្ត្រី …ប៉ុន្តែបើខ្ញុំបរាជ័យក្នុងការដោះស្រាយបញ្ហាខ្លះ សូមអ្នកទាំងអស់គ្នាអភ័យទោសឱ្យខ្ញុំផង»។

សូមជំរាបថា នាយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈការ Comment នៅលើ Facebook បានថ្លែងថា បើសម្តេចជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីវិញ ពេលនេះសម្តេចនឹងដករដ្ឋមន្រ្តីក្រសួងសុខាភិបាលចោលតែម្តង ដោយសារតែភាពខ្ជីខ្ជា ខ្វះការការទទួលខុសត្រូវដែលធ្វើប៉ះពាល់ដល់ជាតិសាសន៍៤១ប្រទេស។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសលទ្ធផលថ្មីមួយទៀត ចំពោះការពិនិត្យសុខភាព ស្រ្តីចំណាស់ ជនជាតិអាមេរិកាំងដែលធ្វើដំណើរតាមនាវា Westerdam ចូលចតនៅកម្ពុជា ហើយហោះទៅកាន់ប្រទេសម៉ាឡេស៊ីនោះឡើងវិញឃើញថា «អវិជ្ជមាន» ពោលគឺមិនមានមេរោគកូរ៉ូណាថ្មី (COVID-19) ឡើយ ដែលលទ្ធផលនេះខុសពីលទ្ធផលពិនិត្យកាលពី៥ថ្ងៃមុន ដែលខ្លួនបានរកឃើញថា ស្រ្តីខាងលើមាន មេរោគកូរ៉ូណាថ្មី បណ្តាលឱ្យអ្នកដំណើរជាច្រើនត្រូវខកខានដំណើរវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។

កាលពីថ្ងៃចន្ទ លោក មហាធៀ មហាំម៉ាត់ បានប្រកាសលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី រីឯព្រះមហាក្សត្រក៏បានទទួលយកលិខិត លាលែងពីតំណែងផងដែរ ប៉ុន្តែលោក មហាធៀ នៅតែបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន រហូតដល់នាយករដ្ឋមន្ត្រីថ្មី ត្រូវបានតែងតាំង រីឯគណៈរដ្ឋមន្ត្រីថ្មីត្រូវបានបង្កើត៕