ក្រសួងទេសចរណ៍ដាក់ឲ្យអនុវត្តផែនការសកម្មភាពការងារចំពោះមុខក្នុងដំណាក់វិបត្តិវីរុសកូរ៉ូណាថ្មី (Covid-19)


(ភ្នំពេញ) អនុវត្តតាមសាររបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ចុះថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីវិធានការរបស់រាជរដ្ឋាភិបាលដើម្បីគ្រប់គ្រងផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (ខូវិដ-១៩) និងការព្យួរភាពអនុគ្រោះពន្ធលើទំនិញមួយចំនួនក្រោមកម្មវិធី ទំនិញគ្រប់មុខ លើកលែងអាវុធ (EBA) នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារបន្ទាន់មួយ ស្តីពីការអនុវត្តផែនការសកម្មភាពការងារចំពោះមុខ ដើម្បីទប់ទល់វិបត្តិជំងឺឆ្លងកូរ៉ូណាថ្មី (Covid-19) ដែលផែនការនេះ មានគោលដៅយុទ្ធសាស្រ្តចំនួន ០៤ និងសកម្មភាពអនុវត្តចំនួន ៩០។

ដើម្បីអនុវត្តផែនការនេះឲ្យមានប្រសិទ្ធភាព ក្រសួងបានរៀបចំបង្កើតក្រុមការងារមួយដើម្បីជម្រុញ និងលើកស្ទួយ វិស័យទេសចរណ៍ក្នុងដំណាក់កាល និងក្រោយវិបត្តិនៃវីរុសកូរ៉ូណាថ្មី (Covid-19) ដែលមានរដ្ឋលេខាធិការប្រចាំការ ០១រូប ជាប្រធាន រដ្ឋលេខាធិការ ០២រូប ជាអនុប្រធាន និងមានអនុរដ្ឋលេខាធិកា អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋានពាក់ព័ន្ធមួយចំនួន និងប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ជាសមាជិក។ ក្រុមការងារនេះមានលេខាធិការដ្ឋានមួយ ជាសេនាធិការ និងបែងចែកជាអនុក្រុមការងារចំនួន ០៥ រួមមាន៖
– អនុក្រុមការងារទី១- ជម្រុញចលនាទេសចរណ៍ក្នុងស្រុក និងពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ (ដឹកនាំដោយ ឯកឧត្តម សុង តុងហាប់ អនុរដ្ឋលេខាធិការ)
– អនុក្រុមការងារទី២- បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ (ដឹកនាំដោយ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ)
– អនុក្រុមការងារទី៣- រៀបចំព្រឹត្តិការណ៍ (ដឹកនាំដោយ ឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការ)
– អនុក្រុមការងារទី៤- ជម្រុញចលនាផ្សព្វផ្សាយក្រៅប្រទេស និងបញ្ជ្រាបការយល់ដឹងជាសាធារណៈកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពក្នុងដំណាក់កាលវិបត្តិ (ដឹកនាំដោយឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ)
– អនុក្រុមការងារទី៥- សម្រួលការធ្វើដំណើរ និងសុវត្ថិភាពនៃការធ្វើដំណើរ (ដឹកនាំដោយ ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការ)។