(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ក្រុមការងារទី៨ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសហប្រធាន តំណាងរាជរដ្ឋាភិបាល និងលោកឧកញ៉ា ណាង សុធី ជាសហប្រធានតំណាងវិស័យឯកជន ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជនប្រមាណ១៣០នាក់។
ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង បានលើកឡើងថា កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ឆ្លើយតប និងដោះស្រាយ ទៅនឹងកង្វល់ និងបញ្ហាប្រឈមនានារបស់វិស័យឯកជន តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងកិច្ចប្រជុំនោះដែរ លោកឧកញ៉ា ណាង សុធី បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងនៅកៀកជាប់ជាមួយនិយោជក និងកម្មករនិយោជិត និងជួយដោះស្រាយជូនភាគីទាំងសងខាងដែលមានបញ្ហាលំបាក ប្រកបដោយភាពទន់ភ្លន់ និងប្រសិទ្ធភាព ទទួលយកបានទាំងសងខាង។
លោកឧកញ៉ាក៏បានអរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង ផងដែរ ដែលបានដឹកនាំវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានយ៉ាងល្អ ពិសេសនោះក្រុមការងារទី៨ តែម្តង ដែលធ្វើឲ្យខាងវិស័យឯកជន អស់ក្តីកង្វល់ ក៏ដូចជាបញ្ហាប្រឈមនានាជាច្រើន៕