រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ៨មីនា ដើម្បីរម្លឹកខួបស្ដីពីការតស៊ូរបស់នារីទូទាំងសាកលលោក ក្នុងការទាមទារសិទ្ធិ សេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តភាពស្មើគ្នារវាងបុរស និងស្រ្តី ក៏ដូចជាលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីជាស្ត្រីក្នុងការងារក្នុងវិស័យអប់រំ យុវជន និងកីឡា។
ពិធីអបអរសាទរនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសនោះលោកជំទាវ បានមានប្រសាសន៍ថា លុះត្រាតែមានសន្តិភាពទើបមានសមភាពយេនឌ័រ ហើយដើម្បីផ្ដល់ឱកាសដល់ស្ត្រីក្នុងការចូលរួមផ្ដល់សេចក្ដីសម្រេចចិត្តក្នុងការងារអប់រំ ត្រូវផ្ដល់ឱកាសដល់ស្ត្រី ទទួលឋានៈ តួនាទីតាមគ្រប់លំដាប់ថ្នាក់ ឋានានុក្រម តាំងពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សាលារៀន។
លោកជំទាវបានបន្តថា ជាមួយគ្នានេះក៏ត្រូវលើកកម្ពស់សមភាពយេនឌ័រក្នុងការផ្ដល់សេវាអប់រំ ត្រូវធ្វើម៉េចផ្ដល់ឱកាសអប់រំ ដល់កុមារី ក្មេងស្រី ឱ្យមានឱកាសចូលរួមសេវាអប់រំទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធស្មើគ្នាជាមួយបុរស ដែលជាកត្ដាកំណត់តែមួយគត់ ក្នុងការលើកកម្ពស់ស្ត្រី ឱ្យចូលរួមស្មើភាពជាមួយបុរស ព្រោះថាប្រសិនបើស្ត្រីមិនត្រូវបានផ្ដល់ឱកាសចូលរៀនស្មើបុរស ស្ត្រីក៏គ្មានសមត្ថភាពក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមបានឡើយ។ លោកជំទាវក៏បានលើកទឹកចិត្តបុគ្គលិក និងថ្នាក់ដឹកនាំស្ដ្រី ក្នុងការបន្ដប្រឹងប្រែងពង្រឹងសមត្ថភាពដើម្បីចូលរួមលើកកម្ពស់ការងារអប់រំបន្ថែមទៀត៕
០២ មីនា ២០២០ | អាគាររដ្ឋបាលថ្មីនៃក្រសួងអប់រំ យុវជន និងកីទ្បា