យើងរួមគ្នាបង្ការទប់ស្កាត់ Covid_19 និងជម្ងឺឆ្លងផ្សេងៗក្នុងសហគមរបស់យើង


(ប៉ៃលិន)៖ ក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន ចុះចល័តពិនិត្យពិគ្រោះ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួនជាង ១,០០០នាក់ នៅសាលាបឋមសិក្សាភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម អីុ ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន និងក្រុមការងារ បានបង្ហាញបង្រៀនពីវិធីសាស្រ្តថែរក្សាអនាម័យ របៀបនៃការលាងដៃឱ្យស្អាត និងចែកសាប៊ូដុំលាងដៃ សាប៊ូកក់សក់ ថ្នាំ ច្រាស់ដុសធ្មេញ ជូនដល់ប្រជាពលរដ្ឋដែលបានអញ្ជើញមកពិនិត្យព្យាបាលជម្ងឺ នាឱកាសនោះ ដើម្បីបង្ការទប់ស្កាត់ការឆ្លងជម្ងឺដង្កាត់ផ្សេងៗ ពិសេសជម្ងឺឆ្លង Covid-19 ដែលបានវាយលុកពាសពេញពិភពលោកនាប៉ុន្មានខែនេះ។

ឯកឧត្តម និងលោកជំទាវ បានផ្សព្វផ្សាយពីជំងឺកូវីត ១៩ ដល់ប្រជាពលរដ្ឋ ដោយបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំឱ្យមានការភ័យខ្លាចជ្រុលពេក ដែលអាចនឹងបង្កើតអោយមានកំហឹង ស្អប់គុំគួន និងអំពើរើសអើងជាតិសាសន៍ ដោយភាពភ័យខ្លាចហួសហេតុ គឺអាចនឹងធ្វើឱ្យមនុស្សមួយចំនួនបាត់បង់នូវភាពម្ចាស់ការ បាត់បង់គុណធម៌ និងបាត់បង់ជំនឿទុកចិត្តលើខ្លួនឯង ហើយស្លន់ស្លោរ ដោយសារតែចាញ់កល់ការបំភិតបំភ័យ បំភ្លៃព័ត៌មាន និងការបន្លាចរបស់ក្រុមជនអគតិមួយចំនួន ដែលនឹងធ្វើអោយបាត់បង់សេចក្តីសុខក្នុងការរស់នៅក្រុមគ្រួសារ មិត្តភ័ក្តិ និងក្នុងសហគម។

ម្យ៉ាងទៀតសូមកុំមានការស្លន់ស្លោរជ្រុលពែកទៅតាមព័ត៌មានបំភ្លៃ ដែលគ្មានប្រភពច្បាស់លាស់ ដោយសូមស្តាប់ការផ្សព្វផ្សាយណែនាំពីអាជ្ញាធរ ពិសេសការប្រកាសផ្លូវការពីក្រសួងសុខាភិបាល។

ទន្ទឹមនឹងនេះ សូមពុកម៉ែបងប្អូន មេត្តារួមគ្នាថែរក្សាអនាម័យជាប្រចាំក្នុងគ្រួសារ ដោយឧស្សាហ៍លាងសម្អាតដៃនឹងសាប៊ូ ញ៉ាំទឹកឆ្អិនអោយបានច្រើនដងជារៀងរាល់ថ្ងៃ ហើយបើមានអាការៈក្តៅខ្លួន ក្អក ក្អួតហៀរសំបោរ ថប់ៗដង្ហើមលើសពី៣ថ្ងៃ សូមប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបងប្អូន។