ថ្ងៃចន្ទ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័កពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមីនាឆ្នាំ ២០២០ រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឆ្នាំ២០១៩និងលើកទិសដៅ ការងារឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ លោក-លោកស្រី ប្រតិភូនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ថ្នាក់ខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំង មេប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំសង្កាត់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតសរុបចំនួន ២៧២នាក់។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានធ្វើរបាយការណ៍ អំពីលទ្ធផលក្នុងឆ្នាំ២០១៩កន្លងទៅ ដោយមានការយកចិត្តទុកដាក់ពី សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល សម្ដេចគតិព្រឹទ្ធបណ្ឌិតបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមនិងក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត សប្បុរសជន ព្រះសង្ឃ ដែលបានជួយ ឧបត្ថម្ភគាំទ្រនិងចូលរួមជាមួយរដ្ឋបាលខេត្ត ធ្វើឲ្យការឆ្លើយតប និងអន្តរាគមន៍ ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ អគ្គីភ័យ នឹងគ្រោះថ្នាក់ដោយឧប្បត្តិហេតុផ្សេងៗបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ឯកឧត្តមជាវ តាយ អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមការងារ គ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ថ្នាក់ខេត្ត សប្បុរសជន និងអ្នកពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ និងជួយអន្តរាគមន៍ដល់រដ្ឋបាលខេត្តកំពត ក្នុងការត្រៀមឆ្លើយតប និងជួយអន្តរាគមន៍ ជូនដល់ប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់។
ជាមួយនឹងយន្តការការងារឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏បានដាក់ទិសដៅបន្តដឹកនាំ ណែនាំ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀមរៀបចំទុកជាមុន ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប សម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា នឹងបន្តដឹកនាំអនុវត្តតាមអនុក្រឹត្យ រាជរដ្ឋាភិបាលលេខ១៨៨ អនក្រ.បក ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ និងជំរុញឲ្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រុង ស្រុក ឃុំ សង្កាត់ និងក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយភូមិ ដៃគូអភិវឌ្ឍន៍ សប្បុរសជននានា ដើម្បីរៀបចំធ្វើបច្ចុប្បន្នភាព និងត្រៀមលក្ខណៈគ្រប់បែបយ៉ាងតាមជំនាញនីមួយៗក្នុងការបង្ការ ឆ្លើយតបនិងប្រើប្រាស់កម្លាំង និងមធ្យោបាយសម្រាប់ជួយអន្តរាគមន៍នៅពេលមានគ្រោះមហន្តរាយកើតឡើងផងដែរ។