ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កងទ័ពត្រូវរក្សាជំហរច្បាស់លាស់ គឺស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់


ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ក្នុងនាមជាកងយោធពលខេមរភូមិន្ទ ត្រូវរក្សាជំហរឲ្យបានច្បាស់លាស់ គឺត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារទឹកដី ការពារសុខសន្តិភាព ជូនមាតុភូមិ និងប្រជាពលរដ្ឋ។

ការលើកឡើងរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញអង្គរក្សពិសេសជំនាន់ទី២៥ វគ្គហ្វឹកហ្វឺនត្រួតពិនិត្យថែទាំបច្ចេកទេសហ្វឹកហាត់បាញ់គ្រាប់ពិតរថក្រោះ- រថពាសដែក និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនានា នៅមជ្ឈមណ្ឌលហ្វឹក ហ្វឺនបញ្ជាការដ្ឋានអង្គរក្ស ភ្នំស្រង់ ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំបញ្ជាការដ្ឋានអង្គរក្ស ក៏ដូចជាគណៈគ្រប់គ្រងវគ្គ ក្រុមយោធាចារ្យ ដែលបានរៀបចំអនុវត្តផែនការកម្មវិធីហ្វឹកហ្វឺន ដ៏មានសារៈសំខាន់នេះ ជាពិសេសសូមកោតសរសើរ ចំពោះការខិតខំ ច្នៃប្រឌិត និងការប្រើប្រាស់បទពិសោធន៍ រួមទាំងជំនាញក្នុងការថែទាំងបច្ចេកទេស ដើម្បីដោះស្រាយរាល់ការលំបាកផ្សេងៗ ធ្វើយ៉ាងណាធានាឲ្យ វគ្គហ្វឹកហ្វឺនទាំងនេះ អាចដំណើរការទៅបានដោយជោគជ័យ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អះអាងថា វគ្គហ្វឹកហ្វឺនទាំងនេះ ពិតជាបានឆ្លើយតបទៅនឹងគោលបំណង និងសំណូមពរភារកិច្ចលើការងារហ្វឹកហ្វឺន ស្របតាមផែនការរបស់ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ជាពិសេសតម្រូវការចាំបាច់ដើម្បីបំពេញភារកិច្ចស្នូលរបស់អង្គភាព ក្នុងការធានាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ជូនប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា ក៏ដូចជាការត្រៀមចូលរួមក្នុងប្រតិបត្តិការការពារបូរណភាពទឹកដី ការពារសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជន។ សូមបន្តខិតខំប្រឹងប្រែងរៀបចំឲ្យមានការហ្វឹកហ្វឺនជាប្រចាំ ពីព្រោះក្រៅពីជួយដល់ការពង្រឹងសមត្ថភាពកងទ័ព ការហ្វឹកហ្វឺនក៏បម្រើដល់ ការសាកល្បងប្រើប្រាស់ និងថែទាំបច្ចេកទេសសម្ភារគ្រឿងបំពាក់ ធានាបាននូវប្រសិទ្ធភាពនៃប្រតិបត្តិការជាក់ស្តែង។

បន្ថែមពីនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ ចំពោះសមិទ្ធផលអគារ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលបានសាងសង់ រួចរាល់ជាស្ថាពរ ជាពិសេសនៅលើភូមិសាស្ត្រ ដែលមានលក្ខណៈអំណោយផល និងប្រកបដោយសក្តានុពលនេះ ទន្ទឹមនឹងការកោតសរសើរចំពោះ ការខិតខំប្រឹងប្រែងក្នុងការកសាង និងអភិវឌ្ឍមជ្ឈមណ្ឌលនេះ ពីព្រោះការប្រែក្លាយទីតាំងនេះ ដែលសំបូរទៅដោយកាលសំណល់ជាតិផ្ទុះ បន្សល់ទុកដោយសារសង្គ្រាម ឲ្យក្លាយទៅជាមូលដ្ឋានហ្វឹកហ្វឺនមួយដ៏សំខាន់សម្រាប់កិច្ចការពារជាតិ គឺមិនមែនជាកិច្ចការងាយស្រួលនោះឡើយ និងសូមអរគុណផងដែរ ចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់ការសហការគាំទ្រ បម្រើដល់ការអភិវឌ្ឍ របស់កងយោធពលខេមរភូមិន្ទ ដែលគឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយឈរលើបុព្វហេតុរួម គឺការកសាងមូលដ្ឋានដើម្បីការពារជាតិ ហើយទស្សនវិស័យ នៃការការពារជាតិយូរអង្វែង សំខាន់ គឺការកសាងមូលដ្ឋាននៃការហ្វឹកហ្វឺននេះឯង។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានជម្រាបជូនទៀតថា គោលដៅសំខាន់ពីរ នៃគោលនយោបាយការពារជាតិ របស់រាជរដ្ឋាភិបាល គឺការធ្វើឲ្យមានសន្តិភាព ស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិ។ សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច ដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ន គឺបាននិងកំពុងផ្តល់ឱកាសសម្រាប់ការកសាង និងអភិវឌ្ឍន៍សមត្ថភាពកងយោធពលខេមរភូមិន្ទ។

ឯកឧត្តមបានវាយតម្លៃខ្ពស់ប្រកបដោយភាពវិជ្ជមាន និងសុទិដ្ឋិនិយម ចំពោះរាល់ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា ជាមួយនឹងរដ្ឋាភិបាល និងកងទ័ព នៃប្រទេសភាគីមិត្ត ដែលតែងបានជួយជ្រោមជ្រែងដល់កងយោធពលខេមរភូមិន្ទ ក្នុងនោះសូមអរគុណដល់ភាគីមិត្ត គ្រប់បណ្តាប្រទេសទាំងអស់, បណ្តាស្ថាប័នជាតិ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់, និងសប្បុរសជនទាំងអស់ ដែលតែងបានផ្តល់នូវកិច្ចសហការស្អិតរមួត និងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រ ដល់បញ្ជាការដ្ឋានអង្គរក្ស ក្នុងបុព្វហេតុការពារជាតិ ការពារថ្នាក់ដឹកនាំជាតិ-អន្តរជាតិ និងសកម្មភាពមនុស្សធម៌ជាច្រើន និងជាប់ជាប្រចាំតាំងពីដើមរៀងមក៕