សម្តេចតេជោនាយករដ្ឋមន្រ្តី ៖ បើប្រឡងចូលធ្វើការធ្លាក់ កុំថាគេពុករលួយ ត្រូវទទួលស្គាល់សមត្ថភាពខ្លួន


(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្រ្តី អំពាវនាវឲ្យគ្រឹះស្ថានអប់រំទំាងអស់ពង្រឹងគុណភាពបណ្តុះបណ្តាលឲ្យកាន់តែខ្ពស់ទៅៗ។ ជាមួយគ្នាសម្តេច ក៏បានអំពាវនាវដល់សិស្សនិសិ្សតត្រូវបន្តខិតខំរៀនសូត្រ ស្រាវជ្រាវបន្តទៀត ទោះបីជាពេលនេះ មានសញ្ញាបត្របរិញ្ញាបត្រ បរិញ្ញបត្ររង បរិញ្ញាបត្រជាន់ខ្ពស់ក្តី ត្រូវតែបន្តសិក្សាជាប្រចំា ពីព្រោះការសិក្សាមិនចប់នោះឡើយ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញការបង្កើនគុណភាពអប់រំនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ។ សម្តេចបានលើកឡើងថា សម័យនេះ ជាសម័យប្រកួតប្រជែងសមត្ថភាព។ ការចូលធ្វើការរដ្ឋ ឬឯកជន គឺត្រូវការគុណភាពសមត្ថភាព។ សម្តេចេតជោបន្តថា ចំពោះស្ថាប័នសាធារណ នៅពេលមានការជ្រើសរើសម្តងៗ មានបេក្ខជនរាប់រយនាក់ដាក់ពាក្យប្រឡងហើយការជ្រើសរើសយកតែ១០ ឬ២០នាក់ប៉ុណ្ណោះ។

សម្តេចបានគូសបញ្ជាក់ថា សម័យនេះ ចេះ គឺជាប់។ បើប្រឡងមិនជាប់ កុំថាគេពុករលួយ ត្រូវទទួលស្គាល់សមត្ថភាពខ្លួនឯង។ សម្តេចគូសបញ្ជាក់ថា ទីផ្សារការងារ គេមិនដែលយកមនុស្សគ្មានសមត្ថភាពទៅធ្វើការនោះទេ ហើយថា បើចង់អភិវឌ្ឍន៍ស្ថាប័ន គឺគេត្រូវពង្រឹងពីគុណភាពធនធានមនុស្សនេះជាមុន៕