ពិធីនេះប្រារព្ធឡើង នៅសាលប្រជុំជាន់ទី៣ រដ្ឋបាលខេត្តព្រះវិហារ ក្រោមវត្ដមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ និងមាន ការអញ្ជើញចូលរួម ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ឱ សុខុម សមាជិក ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម លោកជំទាវ តំណាងក្រសួងមហាផ្ទៃ អាជ្ញាធរជាតិព្រះវិហារ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ លោកអភិបាលក្រុង-ស្រុក ប្រធានមមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរយនាក់ក្នុងខេត្តក៏បានអញ្ជើញចូលរួមផងដែរ។
សូមបញ្ជាក់ថាៈ កាលពីថ្ងៃទី ៩ មីនា ២០២០ ម្សិលមិញ បើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៩ ដែលមាន៩២ទំព័រ អានដោយ លោកជំទាវ ចឹក ហេង អភិបាលរងខេត្ត បានបង្ហាញថា៖ ក្នុងឆ្នាំ២០១៩ កន្លងមកនេះ គ្រប់លទ្ធផលសកម្មភាពការងារទាំងអស់មានការវិវត្ត និងរីកចម្រើនគួរអោយកត់សម្គាល់លើគ្រប់វិស័យ ទាំងវិស័យសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ វិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាដើម ពិសេសការអភិវឌ្ឍតាមបណ្ដោយព្រំដែន ដោយសារតែយើងមានសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្លាំងឈរជើងនៅតាមព្រំដែន ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ-អង្គភាពជុំវិញខេត្តនានាផងដែរ។
ជារួម រាល់ការរីកចម្រើនទាំងអស់នេះ ក៏ដោយសារមានការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយមានភាពប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ពីក្រសួងស្ថាប័នថ្នាក់លើ រួមជាមួយការដឹកនាំដោយផ្ទាល់ពីថ្នាក់ខេត្ត ព្រមទាំងមានការចូលរួមសហការគ្នាបានល្អពីគ្រប់អាជ្ញាធរមូលដ្ឋាន ពីគ្រប់មន្ទីរ អង្គភាព ស្ថាប័ននានាជុំវិញខេត្ត និងពីគ្រប់មជ្ឈដ្ឋានក្នុងកិច្ចសហប្រតិបត្តិការតាមផ្នែក តាមជំនាញរៀងៗខ្លួន។