ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តឱ្យនិស្សិត និងដៃគូរសហការ ចែករំលែកអំពីការងារ និងចូលរួមផ្សព្វផ្សាយបរិស្ថាន


ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នារសៀល ថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ នឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ បានដឹកនាំកិច្ចពិភាក្សាសំណេះសំណាលជាមួយនិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និងដៃគូរសហការរបស់ក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមានការចូលរួមពីសិស្ស និស្សិត និងដៃកូសហការចែករំលែកអំពីការងារបរិស្ថាន ទាក់ទងនឹងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈការដាក់ធុងចម្រោះបរិស្ថាន នៅតាមសាលារៀន​ និងការប្រើប្រាស់ឡដុតសំរាមនៅតាមមូលដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងពីកិច្ចសហការជាមួយបុរី ដើម្បីលើកកម្ពស់ការប្រមូលសំរាម ការដាំដើមឈើ រុក្ខជាតិហូបផ្លែក្នុងបុរី ដើម្បីសោភណ្ឌភាព និងសុខភាព។ លើសពី​នេះ ឯកឧត្តមបានបញ្ជាក់ជូនអ្នកចូលរួម សហការផ្សព្វផ្សាយការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក៏ដូចជាការរៀបចំ​វេទិការតស៊ូមតិ នៅតាមសាលារៀនស្តីពីប្រធានបទបរិស្ថាន ដើម្បីជំរុញការសិក្សា ស្វែងយល់ពីបរិស្ថានឱ្យទូលំទូលាយផងដែរ។