ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ម្ចាស់ក្បាលដីក្នុងភូមិសេសាន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង


នារសៀលថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥៨៩ក្បាលដី ដោយក្នុងនោះរួមមាន៖ ប្រភេទដីកសិកម្មចំនួន ៣២៩ក្បាលដី, ដីលំនៅឋានមានចំនួន ២៥៣ក្បាលដី, ដីកប់ខ្មោចមានចំនួន ០៤ក្បាលដី, ដីសាលារៀនមានចំនួន ០១ក្បាលដី, ដីអាងទឹកមានចំនួន ០១ ក្បាលដី និងដីរួមភូមិមានចំនួន ០១ក្បាលដី ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានដីធ្លីនៅក្នុង ភូមិសេសាន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទំាង០៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរភូមិ ឃុំ មន្ត្រីបច្ចេកទេស និងសមាជិកគណៈកម្មការរដ្ឋបាលឃុំកំភុន និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ថា ឯកឧត្តមពិតជាមានសេចក្តីត្រេកអរយ៉ាងខ្លាំងដែលបានជួបជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងភូមិសេសាន ឃុំកំភុន ស្រុកសេសាន ដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទាំង ៥៨៩ក្បាលដី ចាប់ពីពេលនេះតទៅបងប្អូនអាចមានសិទ្ធ លើអចលនវត្ថុ អាចប្រើប្រាស់ និងអាចចាត់ចែង បានតាមតម្រូវការចាំបាច់ និងស្របតាមច្បាប់៕