រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០


មណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ក្រោមគណៈអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ដែលប្រព្រឹត្តទៅនៅអគារក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានឱ្យដឹងថា ការរៀបចំប្រារព្ធពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឡើងនាពេលនេះ ក្នុងគោលបំណងដើម្បីធ្វើការឆ្លុះបញ្ចាំងអំពីលទ្ធផលកម្មភាពនៃការអនុវត្តតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្តនៅក្នុងឆ្នាំ២០១៩ កន្លងមក និងធ្វើការផ្សព្វផ្សាយអំពីសមិទ្ធផលនានា ដែលរដ្ឋបាលខេត្តអនុវត្តបានកន្លងមក និងលើកឡើងអំពីចំណុចខ្លាំង បញ្ហាប្រឈម សំណើ ដំណោះស្រាយ និងការផ្លាស់ប្ដូរបទពិសោធន៍ការងារពីគ្នាទៅវិញទៅមក លើការងារគ្រប់គ្រងវិស័យក្នុងខេត្ត ដើម្បីរួមសហការគ្នាក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលបានកើតមានឡើង និងទទួលបានអនុសាសន៍ល្អដើម្បីឈានទៅសម្រេចបាននូវជោគជ័យធំៗថ្មីៗថែមទៀត។

ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការទាំងអស់ ដែលកន្លងមក បានចូលរួមយ៉ាងសកម្មក្នុងការសហការអនុវត្តការងារបានយ៉ាងល្អប្រសើរទៅតាមតួនាទី ភារកិច្ចរៀងៗខ្លួន ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និយាយរួម និងនិយាយដោយឡែក ដើម្បីអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ឱ្យមានការរីកចម្រើនបន្ថែមទៀត។

លោក ហៀក សុផាន នាយករដ្ឋបាលខេត្ត បានឡើងអានរបាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារសម្រេចបានឆ្នាំ២០១៩ និងទិសដៅការងារអនុវត្តបន្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្តមណ្ឌលគិរី ដោយមានការចង្អុលបង្ហាញផ្ទាល់ពីក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តការងារជាប្រចាំ ដោយបានជំរុញដល់កងកម្លាំងប្រដាប់អាវុធ ឱ្យយកចិត្តទុកដាក់ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ ចុះទប់ស្កាត់បង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេស ជំរុញបណ្តាមន្ទីរអង្គភាពជំនាញជុំវិញខេត្ត ឱ្យអនុវត្តការងារទៅតាមជំនាញនីមួយៗ និងទទួលបានលទ្ធផលជាច្រើន រួមមាន៖ ការងារកសិកម្ម បានដាំដុះដំណាំស្រូវ បាន២២.៩៨៨ហិកតា ដំណាំរួមផ្សំ អនុវត្តបាន ៥៦០ហិកតា ដំណាំឧស្សាហកម្ម អនុវត្តបាន ២០.៤៦៥ហិកតា ដំណាំអចិន្រ្តៃយ៍ អនុវត្តបាន ៩.៦៤៦ហិកតា។ ការងារទេសចរណ៍ ភ្ញៀវទេសចរមកទស្សនាកំសាន្តសរុប ២៥៩.៣៦០នាក់ ក្នុងនោះទេសចរជាតិ ២៤៤.៨២៨នាក់ ទេសចរអន្តរជាតិ ១៤.៥៣២នាក់។ ការងារព័ត៌មាន បានចុះយកព័ត៌មាន និងធ្វើការផ្សព្វផ្សាយសកម្មភាពថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ដោយបានធ្វើការផ្សាយតាមទូរទស្សន៍ជាតិ ចំនួន ២៥៣អត្ថបទ។ ការងារមនុស្សធម៌ បានផ្តល់ឃីតសង្រ្គោះសរុប ១.១៨៥គ្រួសារ សម្រាប់ជួយដល់ពលរដ្ឋដែលរងគ្រោះដោយសារឧបទ្ទវហេតុផ្សេងៗ។

នៅក្នុងអង្គសន្និបាតនាពេលនោះដែរ ក៏មានការធ្វើបទអន្តរគមន៍ពីកងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជំនាញ និងអភិបាលក្រុង/ស្រុក ដើម្បីលើកឡើងចំណុចសំខាន់ៗ ជាពិសេស បញ្ហាប្រឈម សំណើដំណោះស្រាយ ដែលត្រូវធ្វើការពិភាក្សា ដើម្បីធ្វើយ៉ាងណាឱ្យអង្គសន្និបាតមានដំណើរការល្អប្រព្រឹត្តទៅដោយរលូនទទួលបានលទ្ធផល និងសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុកផងដែរ៕