មន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី រៀបចំពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជម្រើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០១៩-២០២០


មណ្ឌលគិរី៖ ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភា ភូមិភាគទី៨ និងលោក ប៉េង សម្បត្តិ អភិបាលរងនៃគណ:អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាគណៈអធិបតី ក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជម្រើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០១៩-២០២០ ដែលបានប្រព្រឹត្តទៅនៅមណ្ឌលកីឡាដ្ឋានខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។

ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភា ភូមិភាគទី៨ ថ្លែងនូវការកោតសរសើរ ដល់មន្ទីរអប់រំយុវជន និងកីឡា ដែលបានរៀបចំកម្មវិធីប្រកួតកីឡាសិស្សមធ្យមសិក្សាជម្រើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០១៩-២០២០នេះ ឡើងប្រកបដោយភាពរលូន។

ឯកឧត្តម បន្ថែមថា ទោះបីជាក្មួយសិស្សានុសិស្ស ជាបេក្ខជនដែលមិនទទួលបានចំណាត់ថ្នាក់ល្អក្តី និង មិនល្អក្តី ទាំងនេះក៏បានបង្ហាញពីសមត្ថភាព យកអស់កម្លាំងកាយចិត្តដែលខ្លួនមាន និងបានបង្ហាញពីសាមគ្គីភាព មិត្តភាព ព្រោះកីឡានាំមកនូវសុខភាព និង កាយសម្បទារឹងមាំផងដែរ។

លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត បានមានប្រសាសន៍ថា កម្មវិធីប្រកួតកីឡាជម្រើសជើងឯកថ្នាក់ខេត្ត ដែលមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានរៀបចំឡើងដើម្បីត្រៀមទៅប្រកួតកីឡានៅថ្នាក់ជាតិជាបន្តទៀត។

លោក ក៏បានកោតសសើរដល់ប្អូនៗនិងក្មូយៗជាកីឡាករ-កីឡាការិនី ដែលបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ដើម្បីឈានទៅដណ្តើមបានជ័យជំនះ ក្នុងការប្រកួត និងឈរលើស្មារតី យោគយល់អធ្យាស្រ័យគ្នាវិញទៅមក។

លោក បានជំរុញដល់ ប្អូនៗសិស្សានុសិស្ស ត្រូវចូលរួមលេង កីឡាឲ្យបានច្រើន ព្រោះកីឡានាំមកនូវសុខភាពល្អ សាមគ្គីភាព មិត្តភាព និង ត្រូវចៀសវាងលេងល្បែងស៊ីសង អំពើរអបាយមុខផ្សេងៗ និងការប្រើប្រាស់គ្រឿងញៀនជាដើម ដែលនាំអោយបំផ្លាញ់គ្រួសារ អាយុជីវិត បំផ្លាញ់ អនាគត់ និង សង្គមជាតិ។

លោក ទឹម សង្វាត ប្រធានមន្ទីអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាជម្រើសជើងឯកថ្នាក់ខេត្ត មានរយៈពេលប្រាំបីថ្ងៃ ហើយចំពោះលទ្ធផលនៃការប្រកួតនេះ គឺផ្នែកបាល់ទាត់ បុរស ចំណាត់ថ្នាក់ លេខ១ បានទៅក្រុមកីឡាករ ក្រុងសែនមនោរម្យ លេខ២ ស្រុកកែវសីមា និងលេខ៣ ស្រុកកោះញែក ផ្នែកបាល់ទាត់នារី លេខ១ វិទ្យាល័យហ៊ុនសែនកែវសីមា លេខ២ វិទ្យាល័យមេម៉ង់ ក្នុងស្រុកកែវសីមា និងលេខ៣ ស្រុកកោះញែក បាល់ទះបុរស ចំណាត់ថ្នាក់ លេខ១ ស្រុកអូររាំង លេខ២ ស្រុកកែវសីមា និង លេខ៣ ក្រុងសែនមនោរម្យ បាល់ទះនារី លេខ១ ស្រុកកោះញែក លេខ២ សែនមនោរម្យ និងលេខ៣ ស្រុកពេជ្រាដា។ ចំណែកឯ ផ្នែកអត្តពលកម្ម ចំណាត់ថ្នាក់លេខ១ ក្រុងសែនមនោរម្យ លេខ២ ស្រុកកែវសីមា និងលេខ៣ ស្រុកកោះញែក៕