លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ការបណ្តុះទម្លាប់នៃការអានពី​ក្មេង គឺជា​កត្តា​សំខាន់​សម្រាប់​ឆ្លើយ​តបទៅ​នឹង​ភាព​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ពិភពលោក​


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងទិវាជាតិអំណានក្រោមប្រធានបទ “ការអានបណ្តុះ​បញ្ញា ការស្រាវ​ជ្រាវ និងនវានុវត្តន៍” នាព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ មីនា ២០២០ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

នេះជាលើកទី ៥ ដែលទិវានេះត្រូវបានរាជរដ្ឋាភិបាលប្រារព្ធឡើងចំថ្ងៃខួបកំណើតរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដើម្បីគោរពដឹងគុណចំពោះវីរភាពរបស់សម្តេចព្រះសង្ឃរាជ ដែលបានខិតខំតស៊ូក្នុងការចងក្រង ការពារ និងថែររក្សា អក្សសាស្ត្រខ្មែរឱ្យបានគង់វង្ស និងដើម្បីលើកកម្ពស់វប្បធម៌ នៃការអានរបស់ជាតិ។

ជាការឆ្លើយតបនឹងបរិបទដ៏រស់រវើកដូចរៀបរាប់ខាងលើ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញជាគោលនយោបាយ និងទិសដៅ នៃសេដ្ឋកិច្ចឌីជីថលកម្ពុជា។ សម្តេចតេជោ ផ្ទាល់ក៏បាន យកចិត្តទុកដាក់ ក្នុងវិស័យអប់រំ និងជម្រុញការអានយ៉ាងខ្លាំងក្លា ផងដែរ។ ជាក់ស្តែងសម្តេចបានផ្តួចផ្តើមឱ្យមាន បណ្ណាល័យ និងបាន ឧបត្ថម្ភការបោះពុម្ពសៀវភៅ ដូចជា សៀវភៅក្រុមង៉ុយ និងសៀវភៅ បណ្ឌិត អ៊ូ ចុង ជាដើម។
លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានកោតសរសើរដល់ក្រសួងអប់រំ យុវជន និង កីឡា ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដែលបានខិតខំប្រឹងប្រែងយកអស់ កម្លាំងកាយ និងប្រាជ្ញារួមគ្នា ប្រារព្ធទិវាជាតិអំណាន ជារៀងរាល់ឆ្នាំ ប្រកប ដោយភាពអធិកអធម រួមជាមួយ ប្រធានបទកាន់តែមានភាពទាក់ទាញ និងខ្លឹមសារកាន់តែល្អ សំដៅលើកស្ទួយដល់វប្បធម៌ អក្សរសាស្ត្រ និងអរិយធម៌ខ្មែរ ប្រកបដោយទំនួលខុសត្រូវខ្ពស់។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា ស្របនឹងការវិវត្តន៍នៃបច្ចេកវិទ្យាសម័យឌីជីថលបច្ចុប្បន្ននេះបានធ្វើឲ្យ យុវជនសម័យថ្មីកំពុងជក់ចិត្តនឹងទូរស័ព្ទដៃទំនើប និងការប្រើប្រាស់បណ្តាញសង្គម និងពុំសូវយកចិត្តទុក្ខដាក់ក្នុងអាន សៀវភៅនោះទេ ។ ហេតុនេះ យើងទាំងអស់ត្រូវបណ្តុះទម្លាប់នៃការអានពី​ក្មេង គឺជា​កត្តា​សំខាន់​សម្រាប់​ឆ្លើយ​តបទៅ​នឹង​ភាព​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​ផង​ដែរ៕