រដ្ឋបាលខេត្តរតនគិរីបើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំការធ្វើសង្រ្កាន្តឆ្នាំថ្មីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅពេលខាងមុខ


រសៀលថ្ងៃទី១២ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ថងសាវុន អភិបាលខេត្តរតគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានអញ្ជើញជាអធិបតីភាពក្នុង កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំការធ្វើសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅពេលខាងមុខនេះ។​ កិច្ចប្រជុំមាន ការអញ្ជើញពីសំណាក់ អភិបាលក្រុងស្រុក និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា៖ ដោយមានការឯកភាពពីមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ដូច្នេះរដ្ឋបាលខេត្តនឹងរៀបចំធ្វើសង្រ្កាន្តឆ្នាំថ្មី មានឈ្មោះថា (សង្រ្កាន្តឦសាន្ត)នៅ បរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ជាការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឲ្យបងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយ ។ ឯកឧត្តមបានស្នើរអោយថ្នាក់ដឹនាំក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ត្រូវត្រៀមរៀបចំតាមតួរនាទីភារៈកិច្ចប្រកបដោយការទទួលខុសត្រូវតាមសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំព្រឹត្តិការណ៍សង្រ្កាន្តដូចជាធ្វើរោងកញ្ចុះតាមអង្គភាពរបស់ខ្លួនដើម្បីមកដាក់តាំងនៅបវិវេណដែលបានកំណត់។​

ជាពិសេសមន្ទីរពាណិជ្ជកម្មខេត្តត្រូវកៀរគររកដៃគូពាណិជ្ជកម្មនិងបណ្តាម្ចាស់តាំងពិព័រណ៍ផ្សេងៗមកដាក់តាំងលក់នៅក្នុងខេត្ត ក្នុឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរអោយមានភាពអធឹកអធម ហើយជាងនេះទៅទៀតរដ្ឋបាលខេត្តត្រូវរៀមចំដាក់ភ្លើងនៅតាមសួន នឹងដើមឈើនៅជុំវិញសាលាខេត្តអោយឆ្លុះគ្រប់ពណ៌ ដើម្បីទាក់ទាញអោយភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តរតនគិរី។​

ឯកឧត្តមបន្តទៀតថា៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងឆ្នាំ២០២០នេះ នឹងរៀបចំព្រឹត្តិការណ៍ឲ្យកាន់តែធំ មានតាំងពិព័រណ៍ និងការកម្សាន្តនានាឲ្យកាន់តែច្រើនជាងមុនម្យ៉ាងវិញទៀតគ្រប់វត្តអារាមនិងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែងនិងទីធ្លាអោយបានស្អាតនិងមានសោភ័ណភាពដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកចូលរួមកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។

ទន្ទឹមនឹងនោះសូមអោយរដ្ឋបាលក្រុងស្រុកនិងមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ត្រូវចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈអោយបានស្អាតល្អ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់សហការជា​មួយ​សមត្ថកិច្ច ត្រូវរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អក្នុងឱកាសបុណ្យចូលឆ្នាំ​ថ្មីប្រពៃណីខ្មែរខាងមុខនេះ៕