សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានសមាគមជប៉ុន-កម្ពុជា


នៅវិមានសន្តិភាព នៅព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម តាកាហាស៊ី ហ្វ៊ូមីអាគី(Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តម តាកាហាស៊ី បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យនាវា Westerdam បានចូលចតនៅក្រុងព្រះសីហនុ កាលពីពេលកន្លងទៅនេះ ដែលនៅលើនាវានោះ ក៏មានជនជាតិជប៉ុនផងដែរ ហើយជនជាតិជប៉ុនទាំងនោះ ក៏បានវិលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញដោយសេចក្ដីសុខ។

ជាមួយនេះ ឯកឧត្តម តាកាហាស៊ី ក៏បានគោរពជម្រាបជូនសម្ដេចតេជោ អំពីស្ថានភាពទូទៅពាក់ព័ន្ធនឹងជំងឺកូវីដ១៩នៅប្រទេសជប៉ុន រួមទាំងករណីជំងឺកូវីដ១៩នៅលើកប៉ាល់ Diamond princess ហើយឯកឧត្តមក៏បានជម្រាបជូនសម្ដេចផងដែរថា ប្រតិភូដែលឯកឧត្តមនាំមកកម្ពុជាពេលនេះ គឺជាប្រតិភូ អ្នកវិនិយោគដែលមានចំណាប់អារម្មណ៍ ហើយកំពុងតែធ្វើការយ៉ាងមមាញឹកនៅក្នុងការវិនិយោគនៅក្នុងកម្ពុជា ដែលទី១លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានការប្រើប្រាស់សារធាតុរកឃើញថ្មីដើម្បីធ្វើផ្លូវថ្នល់ ដោយចំណាយថវិកាតិច, ទី២ការផលិតសាប៊ូ ដែលជាសាប៊ូសម្អាតកាយ, ទី៣ គឺការជំរុញការវិនិយោគពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានភាពសកម្មឡើងថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះឯកឧត្តម តាកាហាស៊ី ដែល
បានចែករំលែកនូវព័ត៌មានពាក់ព័ន្ធជាមួយនឹងជំងឺកូវីដ១៩ ។ សម្ដេចតេជោ ក៏បានជម្រាបជូនប្រតិភូទាំងមូលអំពីស្ថានភាពជាទូទៅនៃជំងឺកូវីត១៩ ដែលទើបតែនឹងកើតឡើងនៅកម្ពុជារយៈពេលថ្មីៗនេះប៉ុណ្ណោះ។ សម្ដេចតេជោ បានមានប្រសាសន៍ថា បញ្ហាជំងឺខូវីដ១៩នេះ គឺជាបញ្ហាដែលយើងអាចគ្រប់គ្រងបាន ប៉ុន្តែអ្វីដែលជាបញ្ហាចម្បងនោះ គឺបញ្ហាជំងឺភ័យខ្លាច ។ ក្នុងនេះដែរ សម្ដេចតេជោ ក៏បានជម្រាបជូនប្រតិភូអំពីវិធានការទប់ស្កាត់បញ្ហាក្នុងករណីដែលមានជំងឺកូវីដនេះ ដោយរយៈពេលខ្លី ៦ខែ និងរយៈពេលវែង ដោយសម្ដេចបានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា បានមានផែនការរួចជាស្រេចហើយ ដើម្បីដោះស្រាយបញ្ហាជំងឺនេះ ក្នុងករណីដែលជំងឺនេះនៅមានក្នុងរយៈពេលវែងឬក៏ខ្លីនៅកម្ពុជា ឬនៅលើពិភពលោក ។

យ៉ាងណាក៏ដោយ សម្ដេចតេជោក៏បានស្វាគមន៍ អ្នកវិនិយោគដែលកំពុងវិនិយោគនៅកម្ពុជា និងអ្នកវិនិយោគដែលទើបមកជួបសម្ដេចនៅពេលនេះ សុំកុំឲ្យមានការភ័យបារម្ភអ្វីលើបញ្ហាដែលកំពុងតែជួបប្រទះនេះ ព្រោះកម្ពុជាគឺកំពុងតែមានវិធានការទប់ស្កាត់ហើយ៕