ស្ថានទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ អំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ បើមិនមានភាពចាំបាច់សូមកុំចាកចេញពីប្រទេសថៃ នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃជាតិខាងមុខនេះ


ស្ថានទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ អំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ បើមិនមានភាពចាំបាច់សូមកុំចាកចេញពីប្រទេសថៃ នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃជាតិខាងមុខនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសថៃ បានឲ្យដឹងថា ដើម្បីទប់ស្កាត់ជៀងវាងការឆ្លងជំងឺកូវីដ១៩ស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ សិស្ស និស្សិត ពលករ អាជីវករ ទាំងអស់ បើមិនមានភាពចាំបាច់សូមកុំធ្វើដំណើរ ចាកចេញពីប្រទេសថៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
ប្រភពដដែលបន្ដថា កន្លងមកស្ថានទូតធ្លាប់បានជម្រាបជូនដំណឹងដល់សាធារណជន អំពីវិធានការជាច្រើនដែលរដ្ឋាភិបាលថៃបានប្រកាសក្នុងការបង្ការ នឹងទប់ស្កាត់ការរាតត្បាតនៃជំងឺនេះជាពិសេសស្ថានទូតបានផ្សព្វផ្សាយកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។

ប្រភពបន្ដថា៖”ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ សូមបងប្អូន ពលករ សិស្ស និស្សិត នឹងអាជីវករ ដែលកំពុងសិក្សា ធ្វើការ នឹងរស់នៅ ក្នុងប្រទេសថៃ មេត្តាចូលរួមសហការជាមួយប្រទេសម្ចាស់ផ្ទះបើមិន មានភាពចាំបាច់ សូមមេត្តាជៀសវាងការធ្វើដំណើរចេញពីប្រទេសថៃ ដើម្បី ចូលរួមចំណែកក្នុងការបង្ការ នឹងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ទាំងអស់គ្នា។ ទន្ទឹមនឹងនេះដែបងប្អូនពលរដ្ឋខ្មែរដែលមានបំណងចូលមកប្រទេសថៃសូមមេត្តាតាមដានព័ត៌មានស្តីពីវិធានការនានារបស់ប្រទេសទាំងពីរ ឲ្យបានច្បាស់លាស់ នឹងពិចារណាឲ្យបានហ្មត់ចត់មុនសម្រេចចិត្តធ្វើដំណើរ”។

ប្រសិនបើបងប្អូនពលរដ្ឋខ្មែរនៅប្រទេសថៃមានរោគសញ្ញាផ្លូវដង្ហើមដូចជាក្អកឈឺបំពងក ហៀរសំបោរ ដកដង្ហើមថប់ណែន ហើយមានគ្រុនក្តៅខ្លាំងសូមមេត្តាទំនាក់ទំនងទៅនាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងនៃក្រសួងសុខាភិបាលថៃតាមរយៈលេខ ០២-៥៩០ ឬ Hotline ១៤២២ ជាបន្ទាន់និងអាចទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈទូរស័ព្ទលេខ ០៩២-៨០៥ ០៥៦១ ឬ ០៩៤ ០៩២ ៥៩០៥។