សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ផ្អាកការធ្វើដំណើរទៅប្រទេសវៀតណាម ជាបណ្តោះ​អាសន្នមួយរយៈ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ស្របពេលដែលពិភពលោក និងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានកំពុងយកចិត្តទុក ដាក់ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩ គឺមានប្រទេសមួយចំនួនបានសម្រេចបិទច្រកព្រំដែនចេញចូលដើម្បីងាយស្រួលត្រួតពិនិត្យតាមដានស្ថានភាពនៃការរីករាលដាលជំងឺឆ្លងនេះ។ ទន្ទឹមនឹងនោះដែរ ប្រទេសវៀតណាមបានសម្រេចបិទច្រកព្រំដែនមិនអោយមានការឆ្លងកាត់រវាងកម្ពុជានិងវៀតណាមកាលពីម្សិលមិញរួចហើយ។

កាលពីយប់មិញថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ក្នុងនាមជានាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន​​ បាន​សម្រេចបិទព្រំដែនកម្ពុជាវៀតណាមជាបណ្តោះអាសន្នមួយរយៈរហូតដល់ប្រទេសវៀតណាមលើកបម្រាម និងពេលវេលានៃកាលកំណត់បិទព្រុំដែនរវាងប្រទេសយើងទាំងពីរសារជាថ្មីឡើងវិញហើយក្រសួងការបរទេសកម្ពុជានឹងជូនដំណឹងទៅប្រទេសវៀតណាមជាផ្លូវការនៅថ្ងៃ​នេះ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា
កម្ពុជាផ្តល់ការជូនដំណឹងរយៈពេល៤៨ម៉ោង ដល់ប្រជា​ពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋវៀតណាមអោយបានជ្រាប ចាប់ពីពេលនេះរហូតដល់ម៉ោង ២៣:៥៩នាទីយប់ថ្ងៃ​ទី២០ ខែមីនា ឆ្នាំ២០២០ ទើបចាប់អនុវត្តការបិទច្រកព្រុំដែនដើម្បីឲ្យប្រជាជនវៀតណាមអាចធ្វើដំណើរទៅ​កាន់ប្រទេសខ្លួនវិញបានចៀសវាងការដាក់អោយនៅដាច់​ដោយឡែក១៤ថ្ងៃ ដែលនឹងបង្កការលំបាកផ្សេងៗជាច្រើនថែមទៀត។ ទន្ទឹមនឹងនោះដែរ សូមបងប្អូនប្រជាពលរដ្ឋខ្មែរផ្អាកការធ្វើដំណើរទៅប្រទេសវៀតណាមមួយរយៈទម្រាំស្ថានការនៃជំងឺកូវីឌ-១៩បានធូរស្រាលមកវិញ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា
សូមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែន ពិនិត្យមើលតើមានប្រជាពលរដ្ឋខ្មែរដែលជាប់នៅតាមព្រំដែន សូមជួយសម្របសម្រួលអោយបងប្អូនបានវិលត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព។ រីឯចំពោះដំណោះស្រាយគ្រោះមហន្តរាយវិញ ប្រសិនបើមានកើតឡើងនៅតាមខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ សូមអាជ្ញាធរខេត្តនិងខេត្តសហការគ្នាធ្វើការដោះស្រាយជាមួយគ្នា។ ចំពោះការទូទាត់ដោះដូរទំនិញរវាងប្រទេសទាំងពីរវិញ ប្រសិនបើអាចធ្វើទៅបាន គឺយើងអាចនៅរក្សាដដែល បើសិនជាខាងវៀតណាមមានទំនិញអាចទម្លាក់មកកម្ពុជា ហើយបើសិនជាកម្ពុជាមានទំនិញអាចទម្លាក់ទៅវៀតណាម គឺសូមធ្វើការដោះដូរគ្នាទៅវិញ ទៅមកជាធម្មតា គឺពាណិជ្ជកម្មនៅដំណើរការធម្មតា៕