កម្ពុជាចេញសេចក្តីជូនដំណឹង សម្រេចបិទព្រំដែនបណ្តោះអាសន្នជាមួយប្រទេសវៀតណាម ដោយមិនអនុញ្ញាតឱ្យពលរដ្ឋទាំងពីរចេញចូលឡើយ


(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានចេញលិខិតមួយផ្ញើជូនស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា ដោយបញ្ជាក់អំពីការបិទព្រំដែនមួយរយៈ ដោយមិនអនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពីរ ឆ្លងកាត់ឡើង។ ការអនុវត្តវិធានការនេះ ត្រូវធ្វើឡើងចាប់ពីវេលាម៉ោង២៣៖៥៩យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

ការសម្រេចរបស់កម្ពុជា ក្នុងការបិទច្រកព្រំដែនកម្ពុជា-វៀតណាម ជាបណ្តោះអាសន្ននេះ បានធ្វើឡើងបន្ទាប់ពីមានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោយពេលរដ្ឋាភិបាលវៀតណាមបានសម្រេចបិទច្រកភ្លាមៗ ដោយមិនបានជូនដំណឹងដល់រាជរដ្ឋាភិបាលកម្ពុជា។

ការសម្រេចបិទច្រកព្រំដែននេះ ធ្វើឡើងក្នុងគោលបំណងចៀសវាងមានការលំបាកកើតឡើង នៅតាមច្រកព្រំដែនប្រទេសទាំងពីរ ដោយយោងលើការកើនឡើងយ៉ាងគំហុក នូវការរកឃើញករណីឆ្លងវីរុសកូវីដ១៩ ខណៈដែលប្រទេសវៀតណាម បានដាក់កម្រិតលើការធ្វើដំណើរ ដែលតម្រូវឱ្យមានការដាក់នៅដោយឡែកពីគេរយៈពេល១៤ថ្ងៃ ចំពោះអ្នកដំណើរមកពីប្រទេសសមាជិកអាស៊ាន រួមទាំងជនជាតិវៀតណាមដែលវិលត្រឡប់ចូលស្រុកវិញផងដែរ។

ការធ្វើដំណើរចូលប្រទេសកម្ពុជាដោយពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលប្រទេសវៀតណាមដោយពលរដ្ឋកម្ពុជា តាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសទាំងអស់ នឹងត្រូវផ្អាកជាបណ្តោះអាសន្ន ចាប់ពីម៉ោង២៣៖៥៩នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ វិធានការនេះ មានគោលបំណងបញ្ចៀសនូវការលំបាកចំពោះពលរដ្ឋវៀតណាម ក៏ដូចជាពលរដ្ឋកម្ពុជា ដែលតម្រូវឱ្យបង្ខាំងខ្លួននៅដាច់ពីគេ ក្រោយពីបានធ្វើដំណើរពីប្រទេសកម្ពុជា ចូលទៅវៀតណាម។

ក្រសួងការបរទេសកម្ពុជា បានបន្ថែមថា វិធានការខាងលើនេះ មិនត្រូវបានអនុវត្តចំពោះពលរដ្ឋវៀតណាម និងពលរដ្ឋកម្ពុជា ដែលកាន់លិខិតឆ្លងដែនការទូត និងផ្លូវការទេ។