លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា
បានដឹកនាំប្រជុំផ្ទៃក្នុង ពិគ្រោះយោបល់ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន៣ នៅរសៀលថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៩នៃរដ្ឋសភា។
សេចក្តីព្រាងច្បាប់ចំនួនបី ដែលគណៈកម្មការទី៩ នៃរដ្ឋសភា លេីកយកមកពិនិត្យនាពេលនេះ រួមមាន៖
១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិនវេសម៉ិន គ្រុប ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ខេត្តកោះកុង។
២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត។
៣- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ២៦៥មេហ្គាវ៉ាត់ ខេត្តឧត្តរមានជ័យ។
ក្នុងកិច្ចប្រជុំនេះលោកជំទាវប្រធានគណៈកម្មការបានស្នើដល់សមាជិកគណៈកម្មការទាំងអស់ ពិនិត្យនិងសិក្សា ទៅលើសេចក្តីព្រាងច្បាប់ ទាំងបីនេះឲ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ដើម្បីត្រៀមសម្រាប់ការជួបជជែកពិភាក្សាគ្នា នៅក្នុងកិច្ចប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលក្នុងពេលឆាប់ៗខាងមុខនេះ ៕