រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានទទួលជំនួបសម្តែងការគូរសមជាមួយ ឯកអគ្គរាជទូតនៃប្រទេសអាឡឺម៉ង់ប្រចាំកម្ពុជា


លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានទទួលជំនួបសម្តែងការគូរសម របស់ឯកឧត្តម Christian Berger ឯកអគ្គរាជទូតនៃប្រទេសអាឡឺម៉ង់ប្រចាំកម្ពុជា កាលពីថ្ងៃព្រហស្បត្តិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកិច្ចការនារី ។ លោកជំទាវរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់ស្ថានទូតអាឡឺម៉ង់ប្រចាំប្រទេសកម្ពុជា ដែលបានសហការនិងគាំទ្រដល់ក្រសួងកិច្ចការនារី លើកិច្ចការងារចំនួនពីរសំខាន់ៗ៖ ទី១ ការជួយគាំទ្រដល់គម្រោងស្តីពីការផ្តល់សេវាទាក់ទងនឹងអំពើហិង្សាលើស្រ្តី (គម្រោងនេះបញ្ចប់)។ ទី២ ការជួយផ្តល់អ្នកជំនាញការ ដើម្បីគាំទ្រគម្រោងស្តីពីការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី (គម្រោងកំពុងដំណើរការ)។ ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋមន្រ្តីក៏បានលើកឡើងពី កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ។ ក្រសួងកិច្ចការនារី គ្រោងនឹងរៀបចំព្រឹត្តិការណ៍មួយក្រោមប្រធានបទ ស្រ្តី សន្តិភាព និងសន្តិសុខ ក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប ។ ឯកឧត្តមអគ្គរាជទូត បានស្វាគមន៍នូវវឌ្ឍនភាព និងកិច្ចសហប្រតិបត្តិការដែលមានកន្លងមក។ ឯកឧត្តមអគ្គរាជទូត មានគោលបំណងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងកិច្ចការនារីបន្តទៅមុខទៀត បើទោះជាគណៈកម្មការអឺរ៉ុបបានចេញសេចក្តីសម្រេចដកការអនុគ្រោះពន្ធ ជា”បណ្តោះអាសន្ន”ពីប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។ បន្ថែមលើនេះទៀតឯកឧត្តមអគ្គវាជទូតក៏បានលើកឡើងពីបញ្ហាវីរុស COVID-19 ដែលកំពុងឆ្លងរាលដាលជាសកល ។