អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីកិច្ចប្រជុំរបស់គណៈកម្មការត្រួតពិនិត្យ បង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩


ខេត្តកោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីកិច្ចប្រជុំរបស់គណៈកម្មការត្រួតពិនិត្យ បង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ (វីរុសកូរ៉ូណា) និងជំងឺឆ្លងផ្សេងៗទៀត នៅសាលប្រជុំ «ខ» នៃសាលាខេត្តកោះកុង។

កិច្ចប្រជុំនេះមានការចូលរួមពីសមាជិក សមាជិកា រួមមានគណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ នាយក-នាយករងរដ្ឋបាល ប្រធានបុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែន ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិចាំយាម មេបញ្ជាការនគរបាលការពារជើងទឹកវរៈសេនាតូច២៦៩ អភិបាលនៃគណៈអភិបាលក្រុង ស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព និងប្រធានមន្ទីរចំណុះសាលាខេត្ត ប្រធានមន្ទីរពេទ្យខេត្ត លោក លោកស្រីមេឃុំ ចៅសង្កាត់ និងមន្ត្រីបច្ចេកទេសជាច្រើនរូបទៀត សរុបប្រមាណ ៧៥ រូប។

លោក ទៅ ម៉ឺង ប្រធានមន្ទីរសុខាភិបាល បានលើកឡើងថា ទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋត្រូវកំណត់និយមន័យជំងឺឱ្យបានច្បាស់លាស់ កុំឱ្យមានការភាន់ច្រឡំ និងលក្ខណៈនៃការចម្លង ដើម្បីបំបាត់ភាពភ័យខ្លាច និងបង្ការឱ្យបានមានប្រសិទ្ធភាព។ ជាទិន្នន័យរួមត្រឹមថ្ងៃ២៤ ខែមីនា ឆ្នាំ២០២០ ខេត្តកោះកុងមានករណីសង្ស័យ ៣ ករណី (១ករណីវិជ្ជមាន) និង ករណីប៉ះផ្ទាល់ជាមួយអ្នកផ្ទុកមាន ១០ ករណី (១ករណីវិជ្ជមាន) សរុបទាំងអស់មានករណីកូវីដចំនួន ២ ករណី (អ្នកផ្ទុកមានសុខភាពល្អធម្មតា)។ ទន្ទឹមនេះ ខេត្តកោះកុងពុំទាន់មានសញ្ញាណនៃការឆ្លងនៅក្នុងសហគមន៍នៅឡើយទេ។

លោក ហៃ ឡៃស៊ុន ប្រធានមន្ទីរពេទ្យខេត្តកោះកុង បានស្នើសុំឱ្យអាជ្ញាធរចូលរួមការពារ និងទប់ស្កាត់ទាំងអស់គ្នា។ បច្ចុប្បន្ន អ្នកផ្ទុកជំងឺកូវីដ១៩ នៅខេត្តកោះកុង បានប្រើប្រាស់ថ្នាំចំនួន ២ បញ្ចូលគ្នា គឺ ១) ថ្នាំប្រឆាំងជំងឺអេដស៍ និង ២) ថ្នាំប្រឆាំងជំងឺគ្រុនចាញ់ ដែលជាថ្នាំមានការទទួលស្គាល់ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងឱកាសនេះ លោកជំទាវបានថ្លែងអំណរគុណដល់មន្ត្រីរាជការខេត្តកោះកុងទាំងអស់ដែលបានខិតខំប្រឹងប្រែងនាពេលកន្លងមក និងបានណែនាំឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀត ជាពិសេសករណីអ្នកទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋដែលមកពីក្រៅប្រទេស ដោយត្រូវអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលថ្មីៗនេះ។

ជាផែនការបន្ត លោកជំទាវបានណែនាំឱ្យចាត់វិធានការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងស្នើឱ្យរដ្ឋបាលមូលដ្ឋានរាយការណ៍ឱ្យបានរហ័សនូវករណីសង្ស័យណាមួយ ដើម្បីមានវិធានការទាន់ពេលវេលា៕