ឯកឧត្ដម នៃ ចារី បាន​នាំយក​ថវិកា​២៤​លាន​រៀល ឧបត្ថម្ភ​ដល់​ស្រុក​អង្គស្នួល​ដើម្បី​ចុះ​អប់រំ​ផ្សព្ធផ្សាយ​ការបង្ការ​នៃ​ការឆ្លង​វីរុស​កូ​វិដ​១៩


ឯកឧត្ដម នៃ ចារី បាន​នាំយក​ថវិកា​២៤​លាន​រៀល ឧបត្ថម្ភ​ដល់​ស្រុក​អង្គស្នួល​ដើម្បី​ចុះ​អប់រំ​ផ្សព្ធផ្សាយ​ការបង្ការ​នៃ​ការឆ្លង​វីរុស​កូ​វិដ​១៩
​កណ្តាល​៖ ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២០ ឯកឧត្ដម នៃ ចារី អភិបាលរង​ខេត្ត តំណាង​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​នាំយក​ថវិកា ចំនួន​២៤​លាន​រៀល ឧបត្ថម្ភ​ដល់​ស្រុក​អង្គស្នួល ដើម្បី​ចុះ​អប់រំ និង​ផ្សព្ធផ្សាយ ជា​លក្ខណៈ​យុទ្ធនាការ​ជាប្រចាំ ក្នុង​មូលដ្ឋាន​ភូមិ ឃុំ របស់ខ្លួន នូវ​វិធីសាស្ត្រ​ការ​ធ្វើ​អនាម័យ​អោយបាន​ញឹកញាប់ កុំ​មាន​ការប្រមូលផ្ដុំ​គ្នា ចេញ​ក្រៅ​ពាក់​ម៉ាស់​អោយបាន​ត្រឹមត្រូវ និង​ការបង្ការ​នៃ​ការឆ្លង​វីរុស​កូ​វិដ​១៩​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្ដម នៃ ចារី អភិបាលរង​ខេត្ត បាន​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក ត្រូវ​ធ្វើការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ដែល​ទើប​ត្រលប់​មក​ពី​ប្រទេស​ថៃ កូរ៉េ ម៉ាឡេស៊ី និង​ប្រទេស​ដ៏​ទៃ​ផ្សេងទៀត ដែល​ទើបបាន​ត្រលប់​មក​ក្នុង​មូលដ្ឋាន​ស្រុក​របស់​ខ្លួន​អោយបាន​ច្បាស់លាស់​។ ក្នុងករណី​មាន​ប្រជាពលរដ្ឋ​ដែល​ទើប​មកពី​ប្រទេស​ផ្សេង​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ឯកឧត្ដម អភិបាលរង​ខេត្ត បាន​ណែនាំ​អោយ​អាជ្ញាធរ​ស្រុក ត្រូវ​ចាត់​មន្ត្រី​ជំនាញ ចុះ​ធ្វើ​ការពិនិត្យ ជូន​ពួកគាត់​ដល់ផ្ទះ ហើយ​ត្រូវ​ធ្វើ​ការណែនាំ ដល់​ពួកគាត់​អោយ​នៅ​ដាច់​ដោយឡែក​ពី​ក្រុម​គ្រួសារ រយៈពេល​១៤​ថ្ងៃ ហើយ​អាជ្ញាធរ​ស្រុក​ត្រូវ​រក​ទីតាំង​សមស្រប​ណា​មួយ​ជូន​ពួកគាត់​។ ក្នុងករណី​មាន​ការសង្ស័យ ត្រូវ​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ពិនិត្យ និង​ព្យាបាល​ជាបន្ទាន់​។​

​ឯកឧត្ដម​អភិបាលរង​ខេត្ត បន្ថែមថា ការចុះ​យុទ្ធនាការ ផ្សព្វផ្សាយ អប់រំ និង​ណែនាំ​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​នេះ គឺ​អនុវត្ត​តាម​ការ​គោលការណ៍ របស់​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​ក្រសួង​សុខាភិបាល ស្ដី​ពី​វិធានការណ៍​បង្ការ ទប់ស្កាត់ ការរីក​រាល​ជំងឺ​កូវី​ដ​១៩ ទូទាំង​ប្រទេស​កម្ពុជា​។

​លោក ខុន សេរី​រដ្ឋា អភិបាលស្រុក​អង្គស្នួល បានអោយដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២០ មាន​បងប្អូន​ពលករ​ដែល​មកពី​ប្រទេស​ថៃ ចំនួន​០៦​នាក់ ហើយ​ស្រុក​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​សុខភាព​រួចហើយ មិន​មាន​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​១៩​ឡើយ ហើយ​អាជ្ញាធរ​ស្រុក​បាន ណែនាំ​ពួកគាត់​អោយ​នៅ​ដាច់​ដោយឡែក​ចំនួន​១៤​ថ្ងៃ ដើម្បី​បង្ការ​ការ​ឆ្លងទៅ​ក្រុមគ្រួសារ និង​អ្នកជិតខាង​៕