ឯកឧត្តម​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យមើលសកម្មភាពដាក់គ្រែនិងបំពាក់បរិក្ខាពេទ្យនៅអាគារអន្តេវាសិកដ្ឋាន និងចុះមើលអំពីស្ថានភាពនៅតាមមូលដ្ឋាន


ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ជើញចុះពិនិត្យមើលអាគារអន្តេវាសិកដ្ឋាន នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ កម្ពស់៣ជាន់ មាន៦០បន្ទប់ ដែលកំពុងតែរៀបចំដាក់គ្រែ និងបំពាក់សម្ភារៈបរិក្ខាពេទ្យមួយចំនួន សម្រាប់ទទួលការពិនិត្យព្យាបាល និងដាក់ដាច់ដោយឡែកចំពោះអ្នកដែលសង្ស័យឬកើតមានជម្ងឺកូវីត១៩ ។

តមកបន្ទាប់ពីពិិនិត្យអាគារអន្តេវាសិកដ្ឋានរួចមក ឯកឧត្ដម អភិបាល នៃគណ:អភិបាលខេត្តតាកែវ ក៏បន្តចុះពិិនិត្យមើលពីស្ថានភាពនៅក្នុងមូលដ្ឋានក្នុងស្រុកទ្រាំង ពិសេសក្នុងមណ្ឌលសុខភាពសំបួរ។

ក្នុងឪកាសនោះដែរ ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៍ដោយធ្វើការណែនាំទៅដល់លោកប្រធានមណ្ឌល លោកគ្រូ អ្នកគ្រូពេទ្យ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសគឺបងប្អូនដែលទើបតែ ត្រឡប់មកពីប្រទេសថៃវិញ ត្រូវយល់ដឹង និងចេះមានអនាម័យគ្រប់ពេលវេលា ដោយរស់នៅស្អាត ពោលគឺធ្វើទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច ហើយចំពោះបងប្អូនមកពីថៃវិញ ត្រូវរស់នៅឲ្យឆ្ងាយពីក្រុមគ្រួសារក្នុងរយៈពេល១៤ថ្ងៃសិន ដើម្បីតាមដានអាការៈរបស់គាត់ ថាតើមានជម្ងឺកូវីត១៩ដែរឬយ៉ាងណា ម្យ៉ាងទៀតអាជ្ញាធរមូលដ្ឋានត្រូវរៀបចំផងដែរនៅការចាក់ផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជាសម្លេងក្តីជាអក្ស័រក្តីអំពីវិធានការនៃការការពារជម្ងឺដ៏កាចសាហាវមួយនេះ ព្រោះប្រសិនបើបងប្អូន ប្រជាពលរដ្ឋរបស់យើង មានការយល់ដឹងនឹិងចេះពីរបៀបការការខ្លួនពីជម្ងឺកូវីត១៩នេះ យើងនឹងអាចទប់ស្កាត់បានចំពោះការរីករាលដាលនៅក្នុងខេត្តតាកែវរបស់យើង ៕